បណ្ណសារនិង​ការ​ស្រាវជ្រាវ

កម្មាភិបាល​ខ្មែរ​ក្រហម​បាន​ភៀស​ខ្លួន​ចេញពី​មន្ទីរ​ស‑២១​ដោយ​បន្សល់​នូវ​ឯកសារ និង​រូបថត​រាប់​ពាន់​សន្លឹក នៅ​ពេល​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​និង​កង​ទ័ព​វៀតណាម​បាន​រំដោះ​ទី​ក្រុង​ភ្នំពេញ​នៅ​ដើម​ឆ្នាំ១៩៧៩។ បច្ចុប្បន្នបណ្ណសារដ្ឋានសារមន្ទីររក្សា​រូបថត​សេស​សល់​ជាង​៦១៤៧សន្លឹក បើទោះ​ជាកន្លងមករូបទាំងនេះបាត់បង់ ឬរងការបំផ្លិចបំផ្លាញក៏ដោយ​។ រូបថតទាំងនេះធ្លាប់ទទួលបានការអភិរក្សនិងសម្អាតថែទាំដោយអ្នក​ជំនាញ​ថត​រូប​ជន​ជាតិ​អាមេរិក លោក Doug Niven និង​លោក Chris Riley។

បច្ចុប្បន្ន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​មាន​ហ្វីល​រូបថត​ដើម និង​កាតាឡុក​ហ្វីល​រូបថត​ចំនួន​៥៨៤៧ ដែលឯកសារចម្លងទាំងនេះមានរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់សាកល​វិទ្យាល័យ  Cornell មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​សាកល​វិទ្យាល័យ Yale។

នៅ​​ឆ្នាំ១៩៩៧ លោក Doug Niven បានស្វែង​រក​ឃើញ​អតីត​អ្នក​ថតរូប​អ្នក​ទោស​ឈ្មោះ ញ៉ែម អេន ដែលកំពុង​រស់​នៅ​ក្នុង​តំបន់​កាន់​កាប់​របស់​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ឆ្នាំ១៩៧៩។ បន្ទាប់​ពី​រក​ឃើញ​លោក ញ៉ែម អេន អ្នក​ស្រាវជ្រាវ​បាន​កំណត់​អត្តសញ្ញាណ​និង​សម្ភាស​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហម​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ស‑២១ ជា​បន្ត​បន្ទាប់​ដើម្បី​បំពេញ​ព័ត៌មាន​បន្ថែម​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ​។

ព័ត៌មានលំអិតសូមចុចលើរូបថត