ព័ត៌មានស្តីពីសារមន្ទីរ

លោកឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរទួលស្លែង​

តើ​ចំនុច​អ្វី​ដែល​អ្នក​ចូល​ចិត្ដ​ក្នុង​ការងារ?​

ខ្ញុំ​ជា​អ្នក​បុរាណ​វិទូ ដូច្នេះ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ពិត​ជា​មាន​ចំពោះ​ទី​កន្លែង​នៃ​ការ​ចង​ចាំ​មួយ​នេះ ព្រោះ​វា​មាន​តម្លៃ​ជា​ប្រវត្ដិសាស្រ្ដ​ខ្លាំង​ណាស់ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មាន​គោល​ដៅ​ក្នុង​ការ​អភិវឌ្ឍន៍​កន្លែង​ប្រវត្ដិសាស្រ្ដ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​សារមន្ទីរ​មួយ​ដែល​សកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សារធារណ​ជន​។ ខ្ញុំ​ពេញ​ចិត្ដ​ខ្លាំង​នៅ​ពេល​ខ្ញុំ​សង្កេត​ឃើញ​ថា​ភ្ញៀវ​ចូល​ទស្សនា ទទួល​បាន​ការ​យល់ដឹង​ច្រើន​ពី​ស្នាដៃ​រៀបចំ​ដែល​បាន​ពី​ការ​ខិត​​ខំ​ប្រឹង​ប្រែង​របស់​បុគ្គលិក​ខ្ញុំ​។ ជា​រួម​មក​រង្វាន់​ធំ​បំផុត​សម្រាប់​អាជីព​នៃ​ការងារ​របស់​ខ្ញុំ គឺ​ស្មារតី​នៃ​ការ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម​ពី​សំណាក់​បុគ្គលិក​របស់​ខ្ញុំ ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​អនុវត្ត​ការងារ និង​ការ​លះបង់ ដើម្បី​ភាព​រីក​ចម្រើន​នៃ​សារមន្ទីរ។

តើ​អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​?

ការ​បង្កើត​ខ្លឹមសារ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទស្សនា​ក្នុង​ស្រុក ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ចំពោះ​ការងារ​របស់​ខ្ញុំ​។ ខ្ញុំ​សង្កេត​ឃើញ​ថា ការ​អប់រំ​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ​សោកនាដកម្ម​​ដែល​កើត​នៅ​ក្នុង​ប្រវត្ដិសាស្រ្ដ​របស់​យើង គឺ​ត្រូវ​ការ​គំនិត​ច្នៃ​ប្រឌិត​ដើម្បី​ទាក់​ទាញ​ឲ្យ​អ្នក​ទាំង​នោះ​ចូល​រួម​សិក្សា​រៀន​សូត្រ​។​ ខ្ញុំ​ចង់​ឃើញ​កំណើន​ភ្ញៀវ​ក្នុង​ស្រុក​ចូល​ទស្សនា​សាមរន្ទីរ​។ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ដែល​យល់​ថា​សារមន្ទីរ​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​ខ្លាច ទៅ​ជា​កន្លែង​ដែល​អាច​សិក្សា​រៀនសូត្រ​តាមរយៈ​ការ​បំផុស​គំនិត​សន្ដិភាព​និង​សាមគ្គី​ភាព​ក្នុង​សង្គម​កម្ពុជា​ដល់​យុវជន​ជំនាន់​ក្រោយ​។

តើ​គម្រោង​មួយ​ណា​ដែល​អ្នក​យល់​ថា​​បាន​អនុវត្ត​ល្អ​ជាង​គេ​?

កម្មវិធី​ការ​អប់រំ​ផ្សព្វ​ផ្សាយ ជា​គម្រោង​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ជាង​គេ ត្បិត​ជា​គម្រោង​ដែល​ក្រុម​ការងារ​អប់រំ​និង​ពិព័រណ៍​ចល័ត ចុះ​អនុវត្ត​ផ្ទាល់​នៅ​តាម​សាលា​រដ្ឋ​និង​ឯកជន​នានា ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ក្រហម​ដល់​យុវជន​ជំនាន់​ក្រោយ​។ ការ​ផ្សព្វផ្សាយ គឺ​ជា​ការ​ចូល​រួម​ក្នុង​ការ​ជម្រុញ​ឲ្យ​យុវជន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ទី​កន្លែង​នៃ​ការ​ចង​ចាំ​មួយ​នេះ​។ នា​រយៈកាល​២ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ទទួល​បាន​នូវ​ពាក្យ​សរសើ​ស្តី​ពី​ការ​រីក​ចម្រើន​របស់​សារមន្ទីរ ជា​ពិសេស​ការ​រៀប​ចំ​បន្ទប់​សង្រួម​អារម្មណ៍​មួយ​ដែល​មាន​ចាក់​ភ្លេង​ប្រពៃណី​ជាតិ​ខ្មែរ​និង​សូត្រ បន្ទប់​សកម្មភាព​សម្រាប់​សិស្ស ​និង​សាល​អាន​ដែល​អាច​ឲ្យ​សិស្ស​អាច​ចូល​ស្រាវជ្រាវ​បន្ថែម​បាន​។ ការ​វិវឌ្ឍន៍​ទាំង​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​ដែល​ខ្ញុំ​ចង់​ប្រែ​ក្លាយ​សារមន្ទីរ ជា​ទី​កន្លែង​សកម្ម​ដែល​បង្កើត​កម្មវិធី​នានា​ដើម្បី​ជួយ​ឲ្យ​អ្នក​ទស្សនា​អាច​យល់​ដឹង​បន្ថែម​ពី​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ក្រហម ប្រយោជន៍​ចូលរួម​ទប់​ស្កាត់​របប​នេះ​កើត​ឡើង​សារ​ជា​ថ្មី​។

តើ​អ្នក​ចង់​ឃើញ​សារមន្ទីរ​សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ​នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​? ហើយ​តើ​អ្នកចង់​ឃើញ​មរក​ការងារ​ទាំង​នោះ​ដំណើរ​ការ​ទៅ​ដូច​ម្តេច​នា​ថ្ងៃ​ខាង​មុខ​?

ខ្ញុំ​ចង់​ឃើញ​សារមន្ទីរ​នេះ បន្ត​ដំណើរ​ជា​កន្លែង​សំខាន់​មួយ​សម្រាប់​ការ​ចង​ចាំ​ពី​អតីត​កាល សម្រាប់​ប្រជាជន​កម្ពុជា​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ព្រោះ​ទី​កន្លែង​នេះ​មាន​តួនាទី​មិន​សម្រាប់​តែ​ការ​អប់រំ​នោះ​ទេ ប៉ុន្តែ​វា​មាន​តួនាទី​ក្នុង​ព្យាបាល​និង​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ដល់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មៅ​ងងឹត​នេះ។ ខ្ញុំ​សង្ឃឹម​​ថា​មរតក​ការងារ​ទំាងនេះ នឹង​ជួយ​បំផុស​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូល​រួម​ និង​ក្លាយ​ទៅ​ជា​អ្នក​នាំ​សារ​សន្ដិភាព​សម្រាប់​ប្រទេស​យើង​និង​ពិភព​លោក​។

ព័ត៌មានលំអិតសូមចុចលើរូបថត