ព័ត៌មានស្តីពីសារមន្ទីរ

លោកនីសំណាង ប្រធានក្រុមមគ្គុទេសក៍ និងជាសមាជិកក្រុមពិព័រណ៍

តើ​អ្នក​មាន​ទំនាក់​ទំនង​ដំបូង​ជាមួយ​សារមន្ទីរ​​ទួលស្លែង​ដោយ​របៀប​ណា​?

ទំនាក់​ទំនង​ខ្ញុំ​គឺ​ផ្តើម​ចេញ​ពី​ការ​សិក្សា​ជំនាញ​ទេសចរណ៍​និង​មូលដ្ឋាន​នៃ​ការ​ចូល​ចិត្ត​សិក្សា​រៀន​សូត្រ​ប្រវត្តិសាស្ត្រ​។ កត្តា​ទាំង​នេះ ជម្រុញ​ឲ្យ​ខ្ញុំ​ខិត​ខំ​ស្វែង​យល់​បន្ថែម​ពី​ព្រឹត្តិការ​ណ៍សោកនាដកម្ម​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​អតីត​វិទ្យាល័យ​ទៅ​ជា​កន្លែង​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​ជា​ច្រើន​យ៉ាង​ឃោរឃៅ ហើយ​ដែល​បច្ចុប្បន្ន​កន្លែង​នេះ​កំពុង​ស្រូប​ទាញ​ទេសចរ​ជា​ច្រើន​ជុំវិញ​ពិភព​លោក​មក​ទស្សនា​។

តើ​កត្តា​អ្វី​ខ្លះ​ជា​បញ្ហា​ប្រឈម​បំផុត​ក្នុង​អាជីព​ជា​អ្នក​មគ្គុទេសក៍​?

បញ្ហា​ប្រឈម​របស់​ខ្ញុំ គឺ​អារម្មណ៍​ក្តុក​ក្តួល​ខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​រៀប​រាប់​អំពី​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​សម័យខ្មែរ​ក្រហម​ដល់​ភ្ញៀវ ជា​ពិសេស​គឺ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​នេះ​ផ្ទាល់​តែ​ម្តង ព្រោះ​ទី​តាំង​នេះ​ជា​កន្លែង​សោក​សៅ​សម្រាប់​ភ្ញៀវ​និងបុគ្គលិក​។ ភ្ញៀវ​ភាគ​ច្រើន​បង្ហាញ​អារម្មណ៍​សោក​សៅ និង​រន្ធត់​នៅ​ពេល​ស្ដាប់​ការ​ពន្យល់​របស់​ខ្ញុំ​។ បើ​ទោះ​ជា​ខ្ញុំ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​នេះ​ក្តី ខ្ញុំ​នៅប្រកាន់​គោល​ជំហរ​ក្នុង​ការ​បន្ត​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ជូរ​ចត់​នេះ​ដល់​ភ្ញៀវ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សាធារណជន​។

តើ​អ្នក​ចូល​ចិត្ត​នូវ​អ្វី​ដែល​​កំពុង​ធ្វើ​ដែរ​ឬ​ទេ​?

ការ​ក្លាយ​ខ្លួន​ជា​មគ្គុទេសក៍​ម្នាក់​នៅ​ទី​​នេះ គឺ​ជា​ការងារ​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ ព្រោះ​រៀង​រាល់​ថ្ងៃ​ខ្ញុំ​អាច​ជួប​ជាមួយ​មនុស្ស​ថ្មី​ជា​ច្រើន​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។ វា​ជា​ឱកាស​ដែល​ខ្ញុំ​អាច​ចែក​រំលែក​ប្រវត្ដិសាស្ត្រ​ខ្មែរ​ក្រហម​ជាមួយ​​ពិភព​លោក និង​យុវជនខ្មែរ​ជំនាន់​ក្រោយ​។ ខ្ញុំ​ចូល​ចិត្ត​នូវ​សកម្មភាព​ដែល​ខ្ញុំ​កំពុង​ធ្វើ ព្រោះ​វា​ជា​ការ​ផ្សព្វផ្សាយ​មួយ​ដែល​អាច​ជួយ​ជម្រុញ​ឲ្យ​មាន​និន្នាការ​នៃ​ការ​ចូល​រួម​ទប់​ស្កាត់​របប​នេះ​កុំ​ឲ្យ​កើត​ឡើង​សារ​ជា​ថ្មី​។

តើ​អ្វី​ទៅ​ជា​បទ​ពិសោធន៍​ការ​ងារ​ដ៏​ល្អ​មួយ​ក្នុង​សារមន្ទីរ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ​?​

ការ​ជួប​ជជែក​ជាមួយ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​នានា ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​ជាមួយ​ពួកគេ ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ខ្លួន​ឯង​បន្ថែម​ទៀត​តាមរយៈ​ការ​អាន​សៀវភៅ​ឬ​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ​។ លើស​ពី​នោះ ខ្ញុំ​ពេញ​ចិត្ត​និង​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ភ្ញៀវ ដែល​ស្នើ​ឲ្យ​ខ្ញុំ​បន្ត​ការងារ​ផ្សព្វផ្សាយ​នេះ ព្រោះ​ទី​តាំង​នេះ​ជា​កន្លែង​នៃ​ការ​ចងចាំ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ​សិក្សា​ស្វែង​យល់​។

ព័ត៌មានលំអិតសូមចុចលើរូបថត