ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ដ

អ្នក​ស្ម័គ្រ​ចិត្ដ មាន​សារៈសំខាន់​ខ្លាំង​ណាស់​​សម្រាប់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ត្បិត​ពួក​គេ​អាច​ជួយ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ភ្ញៀវ​ទេសចរ ជាមួយ​សារមន្ទីរ និង​ខ្លឹមសារ​ដែល​ដាក់​តាំង​បង្ហាញ​។ កិច្ចការ​ជា​ច្រើន​ដែល​អ្នក​ស្ម័គ្រ​ចិត្ដ​អាច​ចូល​រួម​ជួយ​សារមន្ទីរ​មានជា​អាទិ៍ ការ​ជួយ​សម្រប​សម្រួល​ជាមួយ​ភ្ញៀវ​នៅ​តាម​បន្ទប់​ពិព័រណ៍ ការ​ជួយ​រៀប​ចំ​កិច្ចការ​គម្រោង​នានា​របស់​សារមន្ទីរ ឬ​កិច្ច​ការ​រដ្ឋបាល​។ សារមន្ទីរ​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូល​រួម ទៅ​តាម​ចំណង់​ចំណូល​ចិត្ដ និង​ជំនាញ​ដែល​ខ្លួន​មាន​។
អានបន្ថែម

ការ​ស្ម័គ្រ​ចិត្ដ​ធ្វើ​ការ​នៅ​សារមន្ទីរ គឺ​ជា​ឱកាស​សំខាន់​មួយ ត្បិត​ទី​តាំង​នេះ​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​និង​ជំនាញ​បន្ថែម ការ​ប្រាស្រ័យ​ទាក់​ទង​បង្កើន​ទំនាក់​ទំនង   ​​    ថ្មី​ៗ និង​ការ​យល់​ដឹង​បន្ថែម​អំពី​វប្បធម៌​ប្រវត្ដិសាស្រ្ដ​នៃ​ប្រទេស​កម្ពុជា​។

អត្ថប្រយោជន៍​ដែល​សារមន្ទីរ​និង​អ្នក​ស្ម័គ្រចិត្ដ​ទទួល​បាន​រួម​គ្នា គឺ​ការ​បង្កើន​ទំនាក់​ទំនង​ល្អ​ ការ​ទទួល​ខុស​ត្រូវ និង​ការ​ប្តេជ្ញា​ចិត្ដ​ក្នុង​ការ​អនុវត្ត​ការ​ងារ​។  ការងារ​ស្ម័គ្រ​ចិត្ដ​ជា​ផ្នែក​សំខាន់​មួយ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​សិស្ស អ្នក​ស្រាវជ្រាវ និង​សាធារណជន​អាច​ប្រើ​ប្រាស់​សមុច្ច័យ​និង​សេវកម្ម​របស់​សារមន្ទីរ​។ ការងារ​​នេះ នឹង​ផ្តល់​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​នូវ​ចំណេះ​ដឹង​ទូ​ទៅ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង និង​ប្រយោជន៍​នៃ​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​។ បទ​ពិសោធន៍​ទាំង​នោះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​សម្រាប់​អាជីព​ការងារ​នា​ថ្ងៃ​អនាគត​។

ឱកាស​​នៃ​ការ​ស្ម័គ្រចិត្ដ

សារមន្ទីរ​មាន​គោល​បំណង ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ច្រើន​ប្រភេទ​ដល់​អ្នក​ស្ម័គ្រចិត្ត​ស្រប​​ទៅ​តាម​កម្រិត​ជំនាញ បទ​ពិសោធន៍ និង​ចំណង់​ចំណូល​ចិត្ដ​។ អ្នក​ស្ម័គ្រចិត្ដ​អាច​ចូល​រួម​ជាមួយ​សកម្មភាព​ជា​ច្រើន​ដូចជា​៖

  • ការងារ​ព័ត៌មាន​វិទ្យា រួម​មាន​ការ​បម្លែង​ឯកសារ​ឌីជីថល ការ​គ្រប់​គ្រង​ទិន្នន័យ និង​ការ​គ្រប់​គ្រង​គេហទំព័រ
  • ការងារ​ថែ​រក្សា និង​អភិរក្ស​នៅ​ក្នុង​រោង​ជាង​ជួស​ជុល រួម​មាន​ការ​ទុក​ដាក់​និង​ថែរ​ក្សា​វត្ថុ​កម្រ​ដែល​មាន​នៅ​ក្នុង​សមុច្ច័យ
  • គម្រោង​ផ្សព្វផ្សាយ​ដល់​ក្រុម​គោល​ដៅ​នានា​នៅ​តាម​សហគមន៍ ជាអាទិ៍​ការងារ​តាម​ដាន​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ការ​ចូល​រួម​ពិព័រណ៍​ចល័ត កម្មវិធី​ចុះ​បង្រៀន​ផ្ទាល់​តាម​សាលា​ឬវិទ្យាល័យ និង ការ​ថតរូប​ក្នុង​កម្មវិធី​និង​សកម្មភាព​នានា​របស់​សារមន្ទីរ
  • ការ​បង្កើត​សកម្មភាព​និង​ស្នាដៃ​ថ្មីៗ​សម្រាប់​ការ​សិក្សា​អប់​រំ​ដល់​ទេសចរ​វ័យ​ក្មេង រួម​មាន​ស្នា​ដៃ​សិល្បៈ និង​សិប្បកម្ម​
  • ជួយ​ដល់​ផ្នែក​ទី​ផ្សារ ការ​វាយ​តម្លៃ​លើ​គម្រោង និង​ការ​វិភាគ​លើ​ទិន្នន័យ​នៃ​ការ​ផ្តល់​មតិ​យោបល់​របស់​ភ្ញៀវ​ទេសចរ​ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស
  • ការ​ស្រាវជ្រាវ​បន្ថែម​លើ​ប្រធាន​បទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សមុច្ច័យ​សារមន្ទីរ ពិព័រណ៍ និង​បណ្ណាសារ ប្រយោជន៍​ដើម្បី​បង្កើត​ជា​សកម្មភាព​ភាព​នានា​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​វិទ្យាល័យ

សារមន្ទីរ សូម​ស្វាគមន៍​ដល់​អ្នក​ស្ម័គ្រចិត្ដ​ជាតិ និង​អន្ដរជាតិ​ ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ធ្វើ​ការ​ជាមួយ​សារមន្ទីរ​យ៉ាង​ហោច​ណាស់​រយៈពេល​៣ខែ​។

របៀប​នៃ​ការ​ដាក់​ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ផ្ញើរ ប្រវត្តិរូប​សង្ខេប ភា្ជប់​ជាមួយ​លិខិត​ចំណាប់​អារម្មណ៍​មួយ​ទំព័រ លោក ហង្ស និស្ស័យ ប្រធានក្រុមផែនការនិងគម្រោងតាមរយៈ​សារអេឡិចត្រូនិច info@tuolsleng.gov.kh

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​មក​សារមន្ទីរ។

ការចូលរួមផ្តល់ជំនួយ

បច្ចុប្បន្នសារមន្ទីរទួលស្លែងត្រូវការជំនួយពីប្រភពផ្សេងៗ ដើម្បីអនុវត្តការងារប្រកបដោយនិរន្តរភាព។ សាធារណជន អាច​បរិច្ចាគ​តាម​វិធី​ផ្សេងៗ ដើម្បី​ចូល​រួម​ចំណែក​ថែរក្សា ការពារ និង​អភិរក្ស​សមុច្ច័យ​របស់​សារមន្ទីរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ សារមន្ទីរ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​បរិច្ចាគ​ជា​សាច់ប្រាក់ ព្រម​ទាំង​ជំនួយ​ផ្សេ​ងទៀត​ដូច​ជា​ការ​ផ្តល់​សៀវភៅ​ដើម្បី​ដាក់​ក្នុង​បណ្ណាល័យ ឬ​សម្ភារៈ​សិក្សា​​សម្រាប់​បន្ទប់​សកម្មភាព​។

សារមន្ទីរសង្ឃឹមថាលោកអ្នកនឹងចូលរួមឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើទៅបាននាពេលឆាប់ៗខាងមុខនេះ​!

ដៃ​គូ​សហការ​របស់​សារមន្ទីរ

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង សូមអរគុណដល់​ដៃ​គូសហការ​ទាំង​អស់​ដែល​បាន​ជួយ​គាំ​ទ្រ​ដល់​ការ​អនុវត្ត​ការងារ​នាពេលកន្លងមក។ សារមន្ទីរ​សូម​កោត​សរសើរ​ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ដៃគូសហការទាំងអស់ដែលមានរៀបរាប់ដូចខាងក្រោម៖​​

  • អង្គការ​យូណេស្កូ http://whc.unesco.org/en/statesparties/kh
  • សារមន្ទីរ​ខេត្ត​អូគីណាវ៉ា ប្រទេស​ជប៉ុន http://www.museums.pref.okinawa.jp/english/museum/
  • ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍​នៃ​សហព័ន្ធ​អាល្លឺម៉ង់ តាមរយៈ​កម្មវិធី​សេវា​សន្តិភាព​សាធារណ​របស់​អង្គការ​ GIZ BMZ GIZ GIZ Cambodia
  • សមាគមន៍​សិល្បៈ​ខ្មែរ​អមតៈ http://www.cambodianlivingarts.org
  • អង្គ​ជំនុំ​ជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) http://www.eccc.gov.kh
  • ក្រុមហ៊ុន Narrow Casters http://www.narrowcasters.com
logo-ministry-culture-Kopie
Cambodian-German-Cooperation-logo
LogoGIZ 2022
LogoZFDwithclaim 2022