ការកែប្រែពីសាលារៀនទៅជាមណ្ឌលធ្វើទារុណកម្ម
មន្ទីរស-២១ ស្ថិតនៅក្នុងបរិវេណអតីតសាលាពីរដែលសង់នៅឆ្នាំ១៩៦២ គឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យព្រះពញាយ៉ាត។ ខ្មែរក្រហមប្រើប្រាស់ទីតាំងទាំងពីរ ជាមន្ទីរសន្ដិសុខសម្រាប់រៀបចំប្រព័ន្ធសួរចម្លើយអ្នកទោសក្រោយពេលចូលកាន់កាប់ទីក្រុងភ្នំពេញ។ ថ្នាក់រៀនត្រូវប្រែក្លាយជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម។ បរិវេណជុំវិញមន្ទីរសន្តិសុខ មានហ៊ុំព័ទ្ធដោយលួសបន្លាអគ្គិសនី ហើយនៅតាមសំយ៉ាបអគារជាន់លើមួយចំនួនមានបំពាក់បន្លាលួស ដើម្បីការពារអ្នកទោសលោតសម្លាប់ខ្លួនពីលើអគារ។ បន្ទប់រៀននីមួយៗនៅជាន់ផ្ទាល់ដីនៃអគារ “ក” ចែកជា២បន្ទប់តូចៗសម្រាប់ឃុំឃាំងអ្នកទោសជាន់ខ្ពស់ខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។ ថ្នាក់រៀនជាន់ផ្ទាល់ដីនៃអគារ “ខ” “គ” និង “ឃ” ប្តូរទៅជាបន្ទប់ឃុំឃាំងតូចៗ មានទំហំ ០.៨ម. x ២ម. ខណ្ឌដោយឥដ្ឋ និងនៅជាន់ទីមួយសង់ពីឈើដែលមានទំហំប្រហាក់ប្រហែលគ្នាសម្រាប់អ្នកទោសម្នាក់ៗ។ បន្ទប់រៀនជាន់ទី២ ប្រើសម្រាប់ឃុំអ្នកទោសរួមដែលមានចំនួនពី៤០ទៅ៥០នាក់ ដោយដាក់ខ្នោះជើងភ្ជាប់ទៅនឹងកម្រាលឥដ្ឋ។ ក្នុងចំណោមបន្ទប់ធំទាំងនោះមានបន្ទប់មួយប្រើជាការិយាល័យរបស់ប្រធានមន្ទីរស-២១ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅឌុច និងបន្ទប់មួយទៀតប្រើជាការិយាល័យរបស់រដ្ឋបាលទូទៅនិងសម្រាប់រក្សាទុកឯកសារអ្នកទោស។ ចំណែកផ្ទះជុំវិញបរិវេណមន្ទីរឃុំឃាំង ប្រើសម្រាប់សួរចម្លើយនិងធ្វើទារុណកម្ម។
នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ខ្មែរក្រហមចាប់ខ្លួនអ្នកទោសប្រមាណជាង១៥.០០០ ទៅ២០.០០០នាក់ ពីទូទាំងប្រទេសមកឃុំឃាំងនៅមន្ទីរស-២១ ក្នុងចំណោមនោះក៏មានសមាជិកនៃចលនាខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។
ការរៀបចំរចនាសម្ព័ន្ធមន្ទីរស–២១
មន្ទីរស-២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដែលមាន សុន សេន ជាប្រធាន។ អ៊ិន លន ហៅណាត ជាប្រធានស-២១ដំបូង មុនតែងតាំងឌុចក្នុងឆ្នាំ១៩៧៦។ មនុស្សមួយចំនួនដែលធ្លាប់ធ្វើការនៅមន្ទីរនេះ រួមមាន ឃឹម វ៉ាក ហៅ ហ៊ (អនុប្រធានមន្ទីរស-២១) ម៉ម ណៃ (អនុប្រធានមន្ទីរស-២១) ប៉េង (ប្រធានឆ្មាំ) សួស ធី (ប្រធានអង្គភាពរដ្ឋបាល) និងហឿង សុងហួរ ហៅ ប៉ុន (អ្នកសួរចម្លើយ)។ មន្ទីរស-២១ មានអង្គភាពក្រោមឱវាទផ្សេងទៀត រួមមានតំបន់គុកព្រៃស(ស-២៤) ដែលជាមណ្ឌលអប់រំកែប្រែ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងជើងឯកជាកន្លែងពិឃាតដ៏ធំដែលមានចម្ងាយ១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
ស្ថានភាពក្នុងមន្ទីរឃុំឃាំង
ក្រោយចូលមកដល់មន្ទីរស-២១ ខ្មែរក្រហមបង្ខំអ្នកទោសឲ្យថតរូប ផ្តល់ចម្លើយទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន និងខ្សែបណ្ដាញ។ អ្នកទោសត្រូវនិយាយរៀបរាប់ពីជីវប្រវត្ដិលម្អិតពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួន។ ឆ្មាំបង្ខំឲ្យអ្នកទោសដោះសំលៀកបំពាក់ និងដកហូតរបស់របរទាំងអស់ ទើបបញ្ចូនទៅបន្ទប់ឃុំឃាំង។ អ្នកទោសដែលជាប់ក្នុងបន្ទប់តូចៗ ត្រូវដាក់ច្រវ៉ាក់ជើងភ្ជាប់នឹងកម្រាលឥដ្ឋ។ ដោយឡែកអ្នកជាប់ក្នុងបន្ទប់ធំដែលគ្មានជញ្ជាំងខណ្ឌ ត្រូវដាក់ខ្នោះជើងវែងរួមគ្នា។ ខ្មែរក្រហមឲ្យអ្នកទោសដេកទិសផ្ទុយគ្នាដើម្បីទប់ស្កាត់ការលួចប្រាស្រ័យទាក់ទង និងហាមមិនឲ្យនិយាយទាក់ទងគ្នា។ អ្នកទោស ដេកផ្ទាល់លើកម្រាលឥដ្ឋ គ្មានកន្ទេល មុង ឬភួយដណ្តប់ឡើយ។ អ្នកទោសទាំងអស់ ត្រូវគោរពតាមបទបញ្ញត្ដិយ៉ាងតឹងរ៉ឹងបំផុត បើមិនដូច្នោះនឹងត្រូវទទួលទណ្ឌកម្មដោយវាយនឹងរំពាត់ ឬឆក់ខ្សែភ្លើង ហើយហាមមិនឲ្យស្រែកទោះរាងកាយឈឺចាប់ក៏ដោយ។ គ្រប់សកម្មភាពទាំងអស់របស់អ្នកទោស ទោះអង្គុយ ងាកខ្លួន ឬបន្ទោរបង់ ត្រូវសុំការអនុញ្ញាតពីឆ្មាំ។ អ្នកទោសមានជំងឺសើរស្បែកដែលបង្កដោយចៃនិងជំងឺធ្ងន់ធ្ងរផ្សេងៗ ត្បិតអ្នកទាំងនោះរស់នៅក្នុងបន្ទប់ឃុំឃំាងរួម គួបផ្សំនឹងខ្វះអនាម័យ។ រៀងរាល់ម៉ោង៤:៣០ព្រឹក ខ្មែរក្រហមឲ្យអ្នកទោសដោះសំលៀកបំពាក់ដើម្បីត្រួតពិនិត្យទូទៅ ក្រែងលោមានរបូតខ្នោះ ឬលាក់វត្ថុដែលអាចធ្វើអត្ដឃាតបាន។ ឆ្មាំបង្កើនការប្រុងប្រយ័ត្ន ក្នុងការត្រួតពិនិត្យខ្នោះនិងបន្ទប់ឃុំឃាំងជារៀងរាល់ថ្ងៃ ព្រោះកន្លងមកធ្លាប់មានអ្នកទោសមួយចំនួនសម្លាប់ខ្លួន។
អ្នកទោសនៅមន្ទីរស-២១ភាគច្រើនជាប់ចោទពីបទក្បត់បក្ស ឬក្បត់បដិវត្ដន៍ ឬជាជនបង្កប់ធ្លាប់ធ្វើការជាមួយទាហានក្បត់ដែលខ្មែរក្រហមចាប់ឃុំឃាំង។ ក្រោយការដឹកនាំមួយរយៈពេលវែង មេដឹកនាំខ្មែរក្រហមចាប់ផ្តើមសង្ស័យ និងបាត់បង់ជំនឿចិត្ដទៅលើជួរកម្មាភិបាល និងទាហានរបស់ខ្លួន។ ហេតុដូច្នេះទើបបុគ្គលិកមួយចំនួននៅមន្ទីរស-២១ ក្លាយទៅជាអ្នកទោសដោយជាប់ចោទពីបទខ្ជិលច្រអូសក្នុងការរៀបចំឯកសារ ធ្វើឲ្យខូចម៉ាស៊ីននិងសម្ភារៈផ្សេងៗ ឬវាយសួរចម្លើយអ្នកទោសរហូតដល់ស្លាប់ដោយគ្មានការអនុញ្ញាត។ អ្នកសួរចម្លើយនៅមន្ទីរស-២១ បង្ខំអ្នកទោសឲ្យសារភាពទៅតាមបទល្មើសផ្សេងៗដែលបានចោទប្រកាន់។ ជាទូទៅអ្នកទោស ពុំដឹងពីមូលហេតុនៃការចាប់ខ្លួនឡើយ ប៉ុន្តែខ្មែរក្រហមបង្ខំឲ្យសារភាពកំហុសតាមរយៈការធ្វើទារុណកម្ម។ ទម្រង់នៃការធ្វើទារុណកម្មមានជាអាទិ៍ការឆក់ខ្សែភ្លើង ការចាប់ជ្រមុជទឹក និងការចងដៃព្យួររួចទាញឡើងលើរហូតដល់សន្លប់។ ក្រោយផ្តល់ចម្លើយសារភាព អ្នកទោសត្រូវបញ្ចូលឈ្មោះទៅក្នុងបញ្ជីកំទេច។ ជនរងគ្រោះដែលរួចជីវិតបន្ទាប់ពីការធ្វើទារុណកម្មធ្ងន់ធ្ងរ ត្រូវយកទៅសម្លាប់ចោលនៅបរិវេណក្បែរមន្ទីរ ឬបញ្ចូនទៅវាលពិឃាតជើងឯកដែលស្ថិតនៅជាយក្រុង។ ជាញឹកញយខ្មែរក្រហមបង្ខំអ្នកទោសឲ្យជីករណ្ដៅកប់ខ្លួនឯង ឬសម្រាប់កប់អ្នកផ្សេងទៀត មុនពេលសម្លាប់ដោយឧបករណ៍ផ្សេងៗ។
ក្រោយពេលកងទ័ពចូលរំដោះទីក្រុង ឬក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ មានជនរងគ្រោះចំនួន១២នាក់រួចផុតពីការសម្លាប់ ក្នុងនោះមានក្មេង៤នាក់ដែលប្រទះឃើញនៅក្នុងបរិវេណនៃមន្ទីរស-២១។ បច្ចុប្បន្នមានជនរងគ្រោះតែ៤នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតរហូតមកដល់ឆ្នាំ២០១៦នេះរួមមាន លោក ជុំ ម៉ី លោក ប៊ូ ម៉េង និងអតីតកុមារពីររូបគឺ លោក នង ចាន់ផល និងប្អូនប្រុសឈ្មោះ នង ចាន់លី។ ដោយឡែកក្មេង២នាក់ទៀតមិនទទួលបានដំណឹងឡើយ បន្ទាប់ពីនាំយកទៅចិញ្ចឹមបីបាច់ក្នុងមណ្ឌលកុមារកំព្រាក្រោយសម័យខ្មែរក្រហមដួលរលំ។ តុលាការខ្មែរក្រហមដែលមានឈ្មោះកាត់ហៅថា អ.វ.ត.ក (អង្គជុំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា) បានសម្រេចកាត់ទោសលោក កាំង ហ្កេកអ៊ាវ (ឌុច) អតីតប្រធានមន្ទីរស-២១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រា្គមកាលពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន ឌុច ត្រូវតុលាការនេះកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទន្ទឹមនឹងនោះតុលាការនេះ កំពុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ផ្សេងទៀត ខណៈដែលមេដឹកនាំខ្លះបានស្លាប់បន្តបន្ទាប់ចាប់ពីឆ្នាំ១៩៧៩មក។
ព័ត៌មានបន្ថែមទាក់ទងនឹងដំណើរការកាត់ទោសនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) សូមចូលទៅកាន់អាសយដ្ឋាន៖
http://eccc.gov.kh/en
ការកែប្រែពីមណ្ឌលធ្វើទារុណកម្មទៅជាបូជនីយដ្ឋាននៃការចងចាំ
បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមរំដោះទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីបានកែប្រែអតីតមន្ទីរស‑២១ ទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ សារមន្ទីរនេះ ដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំដើម្បីរំឮកដល់ជនរងគ្រោះនៅមន្ទីរស‑២១។ ក្រោយការដួលរលំទីក្រុងភ្នំពេញនាដើមឆ្នាំ១៩៧៩ ឌុច (ប្រធានមន្ទីរស-២១) បានបញ្ជាឲ្យបិទគុក និងជម្លៀសអ្នកទោសទាំងអស់ចេញយ៉ាងតក់ក្រហល់មុនពេលរត់គេច
ខ្លួន។ ហេតុដូច្នេះទើប ឌុច មិនមានពេលគ្រប់គ្រាន់ដើម្បីបំផ្លាញឯកសារសំខាន់នានាដែលរក្សាទុកនៅក្នុងមន្ទីរឃុំឃាំងឡើយ។ បច្ចុប្បន្នឯកសារទាំងអស់ ក្លាយជាភស្ដុតាងបញ្ជាក់ពីអំពើឃោរឃៅរបស់ជនដៃដល់នាសម័យនោះ។ រូបគំនូរមួយចំនួនរបស់លោកតា វ៉ាន់ ណាត (១៩៤៦-២០១១) អតីតអ្នករស់រានមានជីវិតម្នាក់ពីមន្ទីរស-២១ដែលដាក់តាំងនៅសារមន្ទីរ បង្ហាញពីការធ្វើទារុណកម្ម និងស្ថានភាពទូទៅនៃការជាប់ឃុំតាមរយៈការរៀបរាប់របស់អ្នកដែលបានឃើញទិដ្ឋភាពផ្ទាល់។ ក្រៅពីរូបគំនូរ សារមន្ទីរមានដាក់តាំងរូបថតជនរងគ្រោះរាប់រយសន្លឹកបង្ហាញពីស្ថានភាពដែលអ្នកទាំងនោះទើបមកដល់មន្ទីរស-២១។ រូបថតទាំងនោះ មានសារៈសំខាន់ណាស់ចំពោះក្រុមគ្រួសារដែលស្វែងរកសាច់ញាតិបាត់បង់ជិវិតក្នុងសម័យខ្មែរក្រហម។ នាអំឡុងទសវត្សឆ្នាំ១៩៨០ សារមន្ទីរតម្លើងផែនទីប្រទេសកម្ពុជាពីលលាដ៍ក្បាលនិងឆ្អឹងមនុស្ស ប៉ុន្តែផែនទីនេះត្រូវបានរើចោលវិញក្នុងឆ្នាំ២០០២។ សារមន្ទីរយកឆ្នឹងទាំងនោះទៅតក្កល់ទុកលើធ្នើរឈើនិងសង់ចេតិយតូចមួយដើម្បីរំឮកដល់ជនរងគ្រោះទាំងអស់។
អគារសារមន្ទីរ
បរិវេណមន្ទីរស‑២១ ជាអតីតទីតាំងសាលារៀនពីរគឺសាលាបឋមសិក្សាទួលស្លែង និងវិទ្យាល័យទួលស្វាយព្រៃ មុនពេលដែលខ្មែរក្រហមប្រែក្លាយកន្លែងនេះជាមន្ទីរឃុំឃាំង។ អគារទាំងបួនរបស់សាលារៀនបង្កើតបានជាទីធ្លារាងចតុកោណ។ ខ្មែរក្រហម កែថ្នាក់រៀននីមួយៗទៅជាបន្ទប់ឃុំឃាំង និងកន្លែងធ្វើទារុណកម្ម។ បរិវេណមន្ទីរឃុំឃាំង មានហ៊ុំព័ទ្ធបន្លាលួសអគ្គិសនី ហើយនៅតាមវេរ៉ង់ដានៃអគារមួយចំនួនមានព័ទ្ធបន្លាលួសដើម្បីទប់ស្កាត់ការរត់គេចខ្លួន ឬការលោតសម្លាប់ខ្លួនពីជាន់លើ។ មន្រ្ដីជាន់ខ្ពស់ភាគច្រើន ជាប់ឃុំក្នុងអគារ ក ដែលមានបន្ទប់ដាច់ដោយឡែក ដោយមានចាក់ច្រវ៉ាក់ជាប់ទៅនឹងជើងគ្រែដែក។ ដោយឡែកសមាជិកគ្រួសារ ជាប់ឃុំនៅអគារ គ ក្នុងបន្ទប់តូចៗទំហំ០.៨ម. និង ២.ម. ដែលមានជញ្ជាំងខណ្ឌបន្ទប់ឃុំឃាំងសង់ពីឥដ្ឋ និងក្តារ។ អ្នកជាប់ឃុំនៅមន្ទីរស-២១មួយចំនួនបាត់បង់ជីវិតដោយជំងឺរាតត្បាតដែលបង្កដោយកង្វះអនាម័យ។ ផ្នែកខាងក្នុងនៃអគារមន្ទីរស-២១ មានការផ្លាស់ប្ដូរជាច្រើនលើក ចាប់តាំងពីកែប្រែទៅជាសារមន្ទីរនិងជាបូជនីយដ្ឋាននៃការចងចាំនៅចុងឆ្នាំ១៩៧៩។ ជាក់ស្តែងបន្ទប់តូចៗក្នុងអគារ ខ ត្រូវបានទំលាយជញ្ជាំងចូលគ្នាដើម្បីរៀបចំពិព័រណ៍រូបថតជនរងគ្រោះដែលទទួលទារុណ្ឌកម្ម និងអ្នកដែលបាត់បង់ជីវិតក្នុងមន្ទីរស-២១ រាប់ពាន់សន្លឹក។ រូបថតបង្ហាញពីសភាពស្គមស្គាំង ឬមានស្នាមជាំនៅលើផ្ទៃមុខ។ ពេលសម្លឹងមើលរូបទាំងនោះ រូបខ្លះបង្ហាញពីភាពសោកសៅរបស់អ្នកទោស ឯខ្លះទៀតបង្ហាញពីក្រសែភ្នែកអស់សង្ឃឹមរបស់កុមារ។ អគារ ឃ ស្ថិតនៅភាគខាងជើងឆ្ងាយពីផ្លូវចូល ហើយបច្ចុប្បន្នក្នុងអគារនេះមានដាក់តាំងឧបករណ៍ធ្វើទារុណកម្មរបស់ក្រុមអ្នកសួរចម្លើយមន្ទីរស-២១។
អ្នកទោសដែលរស់រានមានជីវិតក្រោយការធ្វើទារុណកម្ម ត្រូវបញ្ជូនទៅសម្លាប់នៅបរិវេណក្បែរមន្ទីរឃុំឃាំងនៅដំណាក់កាលដំបូង ហើយក្រោយមកបញ្ចូនទៅសម្លាប់នៅវាលពិឃាតជើងឯក។ វិធីមួយចំនួនដែលប្រើក្នុងការសួរចម្លើយរួមមាន ការឆក់ខ្សែភ្លើង និង ការជ្រមុជទឹកយឺតៗទៅក្នុងធុង។ ខ្មែរក្រហមធ្វើទារុណកម្មអ្នកទោសរហូតទទួលបានចម្លើយដែលពេញចិត្ដ ពោលគឺចម្លើយដែលមានបង្ហាញអំពីបទឧក្រិដ្ឋនានានិងបណ្តាញពាក់ព័ន្ធ។ ផ្នូរបេតុងពណ៌សរាងចតុកោណនៅធ្លាផ្នែកខាងមុខសារមន្ទីរ ជានិមិត្តរូបនៃសពជនរងគ្រោះ១៤រូបដែលខ្មែរក្រហមសម្លាប់នៅក្នុងបន្ទប់មុនពេលគេចខ្លួន។ នៅក្បែរផ្នូរ មានបង្គោលបញ្ឈរមួយសម្រាប់សិស្សហាត់ប្រាណឡើងខ្សែពួរ ប៉ុន្តែខ្មែរក្រហម ប្រែក្លាយជាកន្លែងសួរចម្លើយ ដោយព្យួរដៃអ្នកទោសឡើងលើរួចទម្លាក់ក្បាលចូលពាងទឹកធំមួយរហូតដល់អ្នកទោសឈ្លក់ទឹករកកលសន្លប់ទើបលើកឡើងមកវិញ។ បច្ចុប្បន្នបរិវេណនេះ មានដាំដើមឈើជាជួរ និងកៅអីនៅក្រោមម្លប់ឈើ ដើម្បីឲ្យភ្ញៀវអាចសម្រាក ហើយស្រមៃដល់ពេលវេលាសប្បាយរីករាយរបស់សិស្សានុសិស្សដែលកំពុងរត់លេងក្នុងបរិវេណនេះមុនសម័យសង្គ្រាម។