ពិព័រណ៍​មិន​អចិន្ដ្រៃយ៍

ចាប់តាំងពីសារមន្ទីរបើកដំណើរពីឆ្នាំ១៩៧៩ គឺសារមន្ទីរបានរៀបចំដំឡើងពិព័រណ៍អចិន្ត្រៃយ៍ ដោយតាំងបង្ហាញជូនសាធារណជនពីតថភាពពិតនៃអំពើឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងអតីតមន្ទីរស-២១។ ចាប់ពីឆ្នាំ២០១៥ ក្រុមការងាររបស់សារមន្ទីរបានរៀបចំបន្ថែមនូវពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីៗ តាមរយៈការសិក្សាដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ អំពីប្រវត្តិសាស្ត្រនៃសម័យខ្មែរក្រហមនិងមន្ទីរ

ស-២១ តាមប្រធានបទផ្សេងៗ។ ជាលទ្ធផល ក្រុមការងារផ្នែកពិព័រណ៍និងស្រាវជ្រាវរបស់សារមន្ទីរទួលស្លែង បានរៀបចំស្នាដៃពិព័រណ៍លើប្រធានបទជាច្រើន៖
“ជំនាញនិងភ័ព្វសំណាង” សម្ពោធនៅឆ្នាំ២០១៥
“ភាពសោកសៅនិងការតស៊ូរបស់ស្ត្រី ក្រោយការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម” សម្ពោធនៅឆ្នាំ២០១៦
“កុមារអង្គការ “ សម្ពោធនៅឆ្នាំ២០១៧
“៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះនៃមន្ទីរ ស-២១” សម្ពោធនៅឆ្នាំ២០១៩
“ខុសឆ្ងាយពីក្តីរំពឹង” សម្ពោធនៅឆ្នាំ២០២០
“ស្រ្តីកម្ពុជា៖ សង្គមប្រពៃណីនិងការរៀបការដោយបង្ខំក្នុងសម័យខ្មែក្រហម” សហការជាមួយភាគីមណ្ឌលវប្បធម៌អាស៊ីនៃប្រទេសកូរ៉េខាងត្បូងAIC សម្ពោធនៅឆ្នាំ២០២១
គំនូរ “ការចងចំា” សហការជាមួយមហាវិទ្យាល័យសិល្បៈនិងសូនរូប សម្ពោធនៅឆ្នាំ២០២៣
“កុមារភាពក្នុងអន្ធការ” សម្ពោធនៅឆ្នាំ២០២៤
“ មាតុភូមិនិវត្តន៍របស់បញ្ញវន្តមកពីបរទេស៖ ក្តីរំពឹងរលាយសូន្យ” គ្រោងនឹងសម្ពោធនៅ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
សមទ្ធផលស្នាដៃទាំងនេះ ត្រូវបានទទួលការគាំទ្រពីថ្នាក់ដឹកនាំក្រសួង អង្គការដៃគូដែលពាក់ព័ន្ធ សារធារណជន ដែលជាកម្លាំងចលករជួយជម្រុញនិងលើកទឹកចិត្តឱ្យក្រុមការងារទទួលបានជោគជ័យជាបន្តបន្ទាប់។
ផ្អែកលើលទ្ធផលនិងការគាំទ្រនេះ ក្រុមការងារនៅតែបន្តការងារនេះតទៅមុខទៀត ដើម្បីលើកកម្ពស់គុណតម្លៃសារមន្ទីរនិងយន្តការនៃផ្សព្វផ្សាយប្រវត្តិសាស្ត្រ។

គោលបំណង៖
ក្រុមការងារផ្នែកពិព័រណ៍និងស្រាវជ្រាវ ខិតខំរៀបចំពិព័រណ៍ថ្មីៗក្នុងបំណង ៖
លើកកម្ពស់ការផ្សព្វផ្សាយរបស់សារមន្ទីរអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហមនិងមន្ទីរ ស-២១
បំពេញបន្ថែមព័ត៌មានក្រៅអំពីពិព័រណ៍អចិន្ត្រៃយ៍ តាមរយៈការសិក្សាស្រាវជ្រាវរបកគំហើញថ្មីៗរបស់ក្រុមាករងារសារមន្ទីរទួលស្លែង ក្នុងបរិបទប្រវត្តិសាស្ត្រខ្មែរក្រហមនិងមន្ទីរ ស-២១ លើកជា ប្រធានបទនានាមក
ដើម្បីតាំងបង្ហាញដល់សាធារណជនស្វែងយល់ និងទទួលបានចំណេះដឹង
ជម្រុញយុវជនជំនាន់ក្រោយ ឱ្យខិតខំសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសប្រវត្តិសាស្ត្រសម័យខ្មែរក្រហម ដើម្បីជាការយល់ដឹង ចងចាំ ស្រលាញ់សន្តិភាព
និងចូលរួមទប់ស្កាត់របបនេះកុំឱ្យកើតឡើងម្តងទៀតនាពេលអនាគត។

 

 

ព័ត៌មានលំអិតសូមចុចលើរូបថត