ពិព័រណ៍​ចល័ត

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាសារមន្ទីរមួយស្ថិតក្នុងទីក្រុងភ្នំពេញដែលតាំងបង្ហាញស្តីពីរឿងរ៉ាវដែលកើតមានក្នុងអតីតមន្ទីរឃុំឃាំងសម្ងាត់មួយនារបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅថាមន្ទីរសន្តិសុខ​២១ ឬ ហៅកាត់ថា ស-២១ (គុកទួលស្លែង) ដែលមានអ្នកជាប់ឃុំឃាំងប្រមាណ ១៨,០៦៣នាក់ ត្រូវខ្មែរក្រហមធ្វើទារុណកម្មនិងសម្លាប់។ អស់រយៈកាលជាង៤០ឆ្នាំក្រោយប្រែក្លាយពីអតីតមន្ទីរឃុំឃាំងទៅជាសារមន្ទីរ ដែលមានឈ្មោះដើម “ទួលស្លែង មណ្ឌលប្រល័យពូជសាសន៍នៃបន ប៉ុលពត– អៀងសារី” ប្រែមកជា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” នាអំឡុងឆ្នាំ១៩៨០ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់រៀបចំសារមន្ទីរដាក់តាំងបង្ហាញនូវសមុច្ច័យសេសសល់ពីអតីតមន្ទីរឃុំឃាំង ការថែរក្សាឯកសារសំណៅដើមរួមមាន ចម្លើយសារភាព ប្រវត្តិរូបជនរងគ្រោះនិងរូបថតជនរងគ្រោះដែលចាប់បញ្ជូនមកមន្ទីរស-២១ ចន្លោះឆ្នាំ១៩៧៥-១៩៧៩។

ស្របជាមួយកិច្ចខិតខំរបស់រដ្ឋាភិបាល សារមន្ទីរទួលស្លែងក៏បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ការថែរក្សា និងជួសជុលឯកសារ សមុច្ច័យ និងពង្រីកការអប់រំផ្សព្វផ្សាយ ក្នុងគោលបំណងរក្សាឲ្យបាននៅទីតាំងមួយនេះសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្រាវជ្រាវ។  ចាប់ពីឆ្នាំ២០១៤     សារមន្ទីរទួលស្លែងបានអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងអតីតមន្ទីរសន្តិសុខ២១ តាមរយៈការចុះបង្រៀននិងតាំងពិព័រណ៍ចល័ត នៅតាមសាលារដ្ឋនិងឯកជននានាក្នុងរាជធានី​ភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា ។

ក្រោយទទួលបានជោគជ័យលើការអនុវត្តគម្រោងសហការនេះ និងមានការសំណូមពរពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកដល់សារមន្ទីរឲ្យបន្តអនុវត្តសកម្មភាពនេះ និងពង្រីងសកម្មភាពឲ្យបានទៅដល់ស្រទាប់យុវជនជំនាន់ក្រោយឲ្យកាន់តែទូលំទូលាយ ទើបសារមន្ទីរទួលស្លែង រៀបចំគម្រោង “លើកកម្ពស់ការយល់ដឹងប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិប   តេយ្យ និងតួនាទីសារមន្ទីរទួលស្លែង រយៈពេល៥ឆ្នាំ ២០២៤-២០២៨ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីការចងចាំនៃរបបខ្មែរក្រហម ការរួមគ្នាអភិរក្សអតីតមន្ទីរឃុំឃាំងសេសសល់ ការជួសជុលនិងថែរក្សា វត្ថុតាងប្រយោជន៍ជម្រុញការចូលរួមផ្សព្វផ្សាយពីសោកនាដកម្មនៃសង្គ្រាម ការមិនប្រកាន់ពូជសាសន៍ តួនាទីយុវជនក្នុងការចូលរួមទប់ស្កាត់អំពើឧក្រិដ្ឋគ្រប់ទម្រង់ ក្នុងន័យការពារមិនឲ្យរបបនេះកើតមានជាថ្មីនាពេលអនាគត។

គោលបំណង៖

ការកាបង្កើតពិព័ណ៍ចល័តនេះក្នុងគោលបំណង ផ្សព្វផ្សាយ អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជា        ធិបតេយ្យ និងអតីតមន្ទីរសន្តិសុខ២១ ដល់សិស្សសិក្សាឈ្វេងយល់ ​ចងចាំ និងទប់ស្កាត់អំពើនេះកុំឲ្យអំពើឧក្រិដ្ឋកម្មបែបនេះកើតមានម្តងទៀតនៅប្រទេស   កម្ពុជាក៏ដូចពិភពលោក។