ជំនាញនិងភ័ព្វសំណាង (បញ្ចប់)
ចាប់ពីឆ្នាំ២០១៤ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានពង្រីករៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ដោយបានសិក្សាស្រាវជ្រាវព័ត៌មានក្នុងបរិបទនៃសម័យខ្មែរក្រហមនិងមន្ទីរ ស-២១ ទាក់ទងនិងព្រឹត្តិការណ៍ដែលបានកើតក្នុងសម័យនោះ។ ក្រុមការងារសារមន្ទីរផ្នែកពិព័រណ៍និងស្រាវជ្រាវព្យាយាមរៀបចំពិព័ណ៍ថ្មីតាមលទ្ធភាព ដើម្បីបំពេញជូនសាធារណជនបានទស្សនាស្វែងយល់បន្ថែម។ សម្រាប់ឆ្នាំ២០១៥ ក្រុមការងារបានស្រាវជ្រាវនិងរៀបចំក្រោមប្រធានបទ “ ជំនាញនិងភពសំណាង ” ដែលបង្ហាញពីជីវិតពិតរបស់ជនរងគ្រោះនៃមន្ទីរ ស-២១ ពីររូបដែលរួចរស់ជីវិតពីមន្ទីរ ស-២១ គឺលោក ជុំ ម៉ី និងលោក ប៊ូ ម៉េង។ អ្នកទាំងពីជាសាក្សីដែលនៅសេសសល់ក្នុងចំណោមអ្នករស់រាន១២រូប(មនុស្សធំ៨រូប និងកូនក្មេង៤រូប)។ ការរៀបចំពិព័រណ៍នេះឡើងក្នុងបំណងចង់បង្ហាញជូនសារធារណជន អំពីជនរស់រានចំនួន២រូប ក្នុងចំណោម៨រូប គឺលោក ជុំ ម៉ី និងប៊ូ ម៉េង ដែលមានរស់មានជីវិតរហូតដល់សព្វថ្ងៃ។ លោកទាំងពីរជាសាក្សីរស់ ក្នុងចំណោមជនរងគ្រោះយ៉ាងហោចចំនួន ១៨,០៦៣នាក់។ ពិព័រណ៍គឺងបង្ហាញអំពីប្រវត្តិ ជីវិតពិតមុនរបបខ្មែរក្រហម ការចាប់ខ្លួនចូលមន្ទីរ ស-២១ និងមូលហេតុនៃការរួចរស់ជីវិតបានពីមន្ទីរស-២១។





