ទិវា​នៃ​ការ​ចង​ចាំ ថ្ងៃ​ទី២០ ខែឧសភា

បូជនីយដ្ឋាន​រំឭក​ការ​ចង​ចាំ​ស្ថិត​នៅ​ក្នុង​បរិវេណ​សារមន្ទីរ គឺ​ជា​មណ្ឌល​នៃ​ការ​ប្រារព្ធ​ទិវា​នៃ​ការ​ចង​ចាំ​រៀង​រាល់​ឆ្នាំ​ចំពោះ​ព្រលឹង​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម។ សារមន្ទីរ​រៀប​ចំ​ម្ហូប​អាហារ​និង​សម្ភារៈ​មួយ​ចំនួន​ប្រគេន​ព្រះបសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ព្រលឹង​ជនរ​ងគ្រោះ និង​ទុក​ជូន​ជន​ទី​ទាល់​ក្រ​ក្នុង​កាយ​វិការ​សប្បុរសធម៌។ ទិវា​នេះ រៀប​ចំ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី២០ ខែឧសភា​។ សារមន្ទីរ​សូម​ស្វាគមន៍​ចំពោះ​សាធារណជន​ដែល​មាន​សទ្ធា​បរិច្ចាគ​សម្ភារៈ ឬ​ធនធាន​ផ្ទាល់​ខ្លួន​សម្រាប់​ ធ្វើ​កម្មវិធី​សប្បុរសធម៌​នេះ​។

បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា

បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពិធី​បែប​សាសនា​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​បង្អស់​របស់​សារមន្ទីរ​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​។ បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​រយៈពេល​២សប្តាហ៍​ដែល​ប្រជាជន​បន់ស្រន់ បួងសួង និង​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​។ បុណ្យ​ភ្ជុំបិណ្ឌ ជា​ព្រឹត្តិការណ៍​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​និង​សារមន្ទីរ​ដែល​តែង​តែ​ប្រារព្ធ​ជា​រៀង​រាល់ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​នីមួយៗ​តែង​តែ​និមន្ត​ព្រះ​សង្ឃ​ថែម​ចំនួន​១អង្គ ដើម្បី​កំណត់​ពី​ចំនួន​ឆ្នាំ​ដែល​កន្លង​ផុត​ក្រោយ​ការ​ដួល​រលំ​របប​កម្ពុជា​ប្រជធិបតេយ្យ​ឆ្នាំ១៩៧៩។ នៅ​ក្នុង​ឆ្នាំ២​០១៧នេះ សារមន្ទីរ​នឹង​និមន្ត​ព្រះ​សង្ឃ​ចំនួន​៣៨អង្គ​ដើម្បី​សូត្រ​មន្ត​រាប់​បាត​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា ដល់​ថ្ងៃទី០២ ខែតុលា។​ សូម​មេត្តា​ពិនិត្យ​លើ​ទំព័រ​នេះ​ដើម្បី​ទទួល​បាន​ថ្ងៃ​ដែល​សារមន្ទីរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។

បន្ទប់​ផ្កា​ឈូក​ ស

ផ្កាឈូក ជា​សញ្ញា​ដែល​តំណាង​ឲ្យ​សន្ដិភាព​ក្នុង​វប្បធម៌​ខ្មែរ​។ សារម​ន្ទីរ​រៀប​ចំ​បន្ទប់​ផ្កា​ឈូក​នេះ​ឡើង​នៅ​ឆ្នាំ២០១៥ ​សម្រាប់​ជា​កន្លែង​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ចំណាយ​ពេល​វេលា​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ឬ​តាំង​សមាធិ ដើម្បី​សម្រួល​អារម្មណ៍​តាន​តឹង​ក្រោយ​ពី​ទស្សនា​ពិព័រណ៍​។ សារមន្ទីរ​រៀប​ចំ​បន្ទប់​នេះ​ដោយ​បំពាក់​ម៉ាស៊ីន​ត្រជាក់ កន្ទេល​កក់ និង​ខ្នើយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ភាព​ងាយ​ស្រួល​អំឡុង​ពេល​សម្រាក​ខាង​ក្នុង​បន្ទប់ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ការ​សម្ដែង​២ដង​ក្នុង​មួយ​ថ្ងៃ គឺ​ការ​លេង​ភ្លេងប្រពៃណី​ជាតិ​ខ្មែរ​ជាមួយ​ឧបករណ៍​តន្ត្រី​បុរាណ និងការ​ស្មូត្រ

វីដេអូឯកសារ

សារមន្ទីរ រៀបចំបញ្ចាំងវីដេអូឯកសារចំនួនពីរដងក្នុងមួយថ្ងៃគឺនៅម៉ោង៩:៣០ និង៣:១៥។ បន្ទប់វីដេអូឯកសារស្ថិតនៅអគារ ឃ ជាន់ទី២។ សូមទាក់ទងសារមន្ទីរអំពីវីដេអូឯកសារដែលនឹងត្រូវបញ្ចាំង។

 

 

 

ពិធី​សូត្រ​មន្ត​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​ទី៨ ខែមេសា

ជា​រៀងរាល់​ឆ្នាំ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​តែង​ប្រារព្ធ​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​ជូន​មន្ត្រី​និង​បុគ្គលិក​ និង​រៀប​ចំ​កិច្ច​ពិធី​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ សារមន្ទីរ​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​របស់​សាធារណជន​ទាំង​អស់​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៨ ខែមេសា។