សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ជា​កន្លែង​ចង​ចាំ​ពី​ព្រឹត្តិការណ៍​នៃ​ការ​សួរ​ចម្លើយ​និង​ឃុំ​ឃាំង​ក្នុង​មន្ទីរ​ស‑២១នា​សម័យ​ខ្មែរ​ក្រហម​។​​ សារមន្ទីរនេះ បាន​រក្សា​ទុក​និង​បង្ហាញ​ភស្ដុតាង​នៃ​ព្រឹត្តិការណ៍​សោក​នាដកម្ម​ក្នុង​ប្រវត្ដិសាស្រ្ដ​កម្ពុជាដើម្បី​ឲ្យ​សាធារណជន​សិក្សា​ស្វែង​យល់​ក្នុង​បំណង​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​សារ​សន្តិភាព​។

ផែនទី

museum-map

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង

ផ្លូវ​លេខ១១៣ សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ

google maps 

ច្រកចូល
ផ្លូវ ១១៣  កែងនិងផ្លូវ ៣៥០

ព័ត៌មានសម្រាប់ភ្ញៀវចូលទស្សនា

ម៉ោងបើកចូលទស្សនា

ភ្ញៀវ​អាច​ចូល​ទស្សនា​រៀងរាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៨:០០​ ដល់ ៥:០០​។

តម្លៃ​សំបុត្រ

​ខ្មែរ ​ ឥត​គិត​ថ្លៃ
បរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារ

ការ​ណែនាំ​ចំពោះ​ក្មេង​ដែល​ចូល​ទស្សនា
ក្មេង​អាយុ​ក្រោម​១៤ឆ្នាំ ពុំ​គួរ​ចូល​ទស្សនា​បន្ទប់​ពិព័រណ៍​នៅ​ជាន់​ក្រោម​នៃ​អគារ​នីមួយ​ៗ​ឡើយ។

ព័ត៌មាន​សម្រាប់​ជន​ពិការ​
ភ្ញៀវ​ទេសចរ​ដែល​ប្រើប្រាស់​រទេះ​រុញ ពិបាក​ចូល​ទស្សនា​ពិព័រណ៍​ផ្សេងៗ​នៅ​ជាន់​ទី១ និង​ទី២ ប៉ុន្តែ​អាច​ចូល​មើលពិព័រណ៍​នៅ​ជាន់​ផ្ទាល់​ដី​នៃ​អាគារ​ទាំង​បួន។

មគ្គុទេសក៍

មគ្គុទេសក៍​៖​ ​សេវាតាម​ការ​បរិច្ចាគ​
សេវា​កម្ម​មគ្គុទេសក៍​មាន៖ ភាសា​ខ្មែរ ​បារាំង និង​​អង់គ្លេស។

មគ្គុទេសក៍​សម្លេង

​ខ្មែរ​ ១ដុល្លារ
​បរទេស ៣ដុល្លារ
បច្ចុប្បន្នមានភាសា៖ ខ្មែរ អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន វៀតណាម កូរ៉េ ជប៉ុន អេស្ប៉ាញ អ៊ីតាលី និងហូឡង់។

​ថត​រូប​

សារមន្ទីរ​អនុញ្ញាត​ឲ្យ​ថត​រូប​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ឬ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ដោយ​មិន​យក​ទៅ​ធ្វើ​អាជីវកម្ម​។ ក្នុង​ករណី​ថត​រូប​ធ្វើ​អាជីវកម្ម ត្រូវ​មាន​ការ​អនុញ្ញាត​ពី​សារមន្ទីរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។

 

គោលការណ៍​ភ្ញៀវ​ចូល​ទស្សនា

​ភ្ញៀវ​ទេសចរត្រូវស្លៀកពាក់សមរម្យពេលចូលទស្សនាសារមន្ទីរ ​ព្រោះ​ក្នុងវប្បធម៌ខ្មែរ​សាធារណជន​ដែល​ចូល​ទស្សនា​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​និង​ទីតាំង​សាសនា ត្រូវ​ស្លៀក​ពាក់​ខោ​ឬ​សំពត់​ក្រោម​ក្បាល​ជង្គង់ និង​អាវ​គ្រប​ស្មា។

បទបញ្ជាសម្រាប់ភ្ញៀវចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

១. ព័ត៌មានទូទៅ

  • ភ្ញៀវ​ទេសចរ​ហាម​ប៉ះពាល់ រំកិល ផ្លាស់​ប្តូរ​ទីតាំង ឬ​ធ្វើ​ឲ្យ​ខូច​ខាត​វត្ថុ​តាង​នានា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំណង់​អគារប្រវត្តិ​សាស្រ្ត​នៃ​សារមន្ទីរ ព្រោះ​វត្ថុ​តាង​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនោះ​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​ច្បាប់​
  • ផ្អែក​លើ​ហេតុ​ផល​សុវត្ថិភាព សារមន្ទីរ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ក្នុង​បរិវេណ​ដែល​មាន​ស្លាក​សញ្ញា​ហាម​ឃាត់​រួមមាន ផ្នែក​ខ្លះ​នៃ​​អគារ ការដ្ឋាន​កំពុង​ដំណើរ​ការ​អភិរក្ស ឬ​ព្រឹត្តិការណ៍​សំខាន់​នានា
  • សារមន្ទីរ បើក​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៨:០០​ ដល់ ៥:០០​
  • ភ្ញៀវ​ទេសចរ អាច​ចូល​ទស្សនា​សារមន្ទីរ​បាន​ដរាប​ណា​បង្ហាញ​សំបុត្រ​ដែល​នៅ​មាន​សុពលភាព​។ ដោយឡែកទេសចរជាតិចូលទស្សនាដោយឥតគិតថ្លៃ ​
  • ភ្ញៀវ​អាច​ទស្សនា​សារមន្ទីរ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬ​ជា​ក្រុម​ដោយ​មិន​ចាំ​បាច់​មាន​ការ​ណែនាំ​ពី​មគ្គុទេសក៍​។ ចំពោះ​​​ភ្ញៀវ​ដែល​ចង់​សិក្សា​ស្វែង​យល់​លម្អិត គួរ​ទាក់​ទង​សារមន្ទីរ​មុន​ដើម្បី​ទទួល​បាន​សេវា​មគ្គុទេសក៍​បន្ថែម​

២. បទ​បញ្ជា​ទាក់​ទង​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់

  • ភ្ញៀវ​ទស្សនា​គួរ​គប្បី​ស្លៀក​ពាក់​សមរម្យ និង​ប្រកាន់​ភា្ជប់​នូវ​អាកប្បកិរិយា​ដែល​បង្ហាញ​ពី​ការ​គោរព​ដល់​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ
  • នា​អំឡុង​ពេល​ចូល​ទស្សនា ភ្ញៀវ​ត្រូវ​តែ​ស្តាប់​តាម​ការ​ណែនាំ​របស់​មគ្គុទេសក៍ និង​បុគ្គលិក​របស់​សារមន្ទីរ​។ ភ្ញៀវ​ទេសចរ គួរ​ដើរ​ទស្សនា​ទៅ​តាម​ស្លាក​សញ្ញា ឬ​ការ​ណែនាំ​ដែល​សារមន្ទីរ​បាន​រៀប​ចំ​ជូន ហើយ​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ដែល​បង្ក​ដោយ​ការ​ជំពប់​ជើង ឬ​ទង្កិច​ក្បាល​នៅ​ទី​តាំង​មួយ​ចំនួន​ដែល​បាន​កែ​ប្រែ​ខុស​ពី​ទ្រង់​ទ្រាយ​ដើម​របស់​អគារ​

៣. បម្រាម

សារមន្ទីរ មាន​បម្រាម​ទូទៅ​ដូច​ខាង​ក្រោម​នេះ​៖

  • ហាម​ទទួល​ទាន​អាហារនិង​សារ​ជាតិ​អាកុល ជក់​បារី ឬ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិច
  • មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​យាន្ដ​ជំនិះ​គ្រប់​ប្រភេទ​លើក​លែង​រទេះ​​ជន​ពិការ និង​រទេះ​រុញ​ទារក
  • ហាម​ប្រើ​ប្រាស់​រទេះ​រុញ​ទារក​ក្នុង​បន្ទប់​ពិព័រណ៍
  • ហាម​​យក​​សត្វ​ពាហនៈ ទោះ​បី​ដើរ​បណ្តើរ ឬ​បី​ក៏​ដោយ (​ការ​ប្រើ​ប្រាស់​សត្វ​នាំ​ផ្លូវ​ជន​ពិការ គឺ​មិន​អនុញ្ញាត​ជូន​ឡើយ​)
  • ហាម​កាន់​ទង់​ជាតិ​មាន​ដង បដា ផ្ទាំង​ព័ត៌មាន ប័ណ្ណ​ផ្សព្វ​ផ្សាយ ឬ​ការ​ស្ទង់​មតិ​លើ​ផលិត​ផល​លក់​ដូរ​ផ្សេងៗ
  • ការ​ស្ទង់​មតិ​សម្រាប់​ការ​ស្រាវជ្រាវ អាច​ធ្វើ​បាន លុះ​ណា​មាន​ការ​អនុញាត​ពី​ប្រធាន​សារមន្ទីរ
  • ហាម​នាំ​យក​អាវុធ​ជាតិ​ផ្ទុះ វត្ថុ ឬ​សារធាតុ​ផ្សេងៗ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់ សុខភាព អាយុជីវិត ឬ​សុវត្ថិភាព​ទូទៅ
  • ហាម​ប្រើ​ប្រាស់​ឧបករណ៍​ភ្លេង វិទ្យុ​ទាក់​ទង ឬ​ក៏​ឧបករណ៍​សូរស័ព្ទ​ទាំង​ឡាយ​ណា​ដែល​អាច​បង្ក​សម្លេង​រំខាន លើក​លែង​ក្នុង​ករណី​ពិធី​បុណ្យ​ដែល​អនុញាត​ដោយ​ប្រធាន​សារមន្ទីរ
  • ហាម​និយាយ​ទូរស័ព្ទ​ក្នុង​អគារ​ពិព័រណ៍
  • ហាម​ប្រើ​ប្រាស់​កាមេរ៉ា​ដ្រោន​លើ​​បរិវេណ​សារមន្ទីរ​ដោយ​គ្មាន​ការ​អនុញ្ញាត
  • ហាម​ភ្ញៀវ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ស្ថានភាព​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ ចូល​ទស្សនា​សារមន្ទីរ

៤. កំណត់​សម្គាល់

ភ្ញៀវ​ទេសចរ ចូល​ទស្សនា​ក្នុង​បរិវេណ​សារមន្ទីរ ចាំ​បាច់​ត្រូវ​ទទួល​យក​នូវ​ប្រការ​នៃ​បទ​បញ្ញត្តិ​នានា​ដែល​មាន​ចែង​ក្នុងបម្រាម​ខាងលើ​។  វិធាន​ការណ៍​ផ្នែក​ច្បាប់ នឹង​ត្រូវ​អនុវត្ដ​ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​បទ​បញ្ញតិ្ដ​នេះ​។

កម្មវិធីសារមន្ទីរទួលស្លែង

បន្ទប់ផ្កា​ឈូក​ ស

បន្ទប់ផ្កាឈូក ស្ថិតនៅអគារ ជាន់ទី២។  បន្ទប់​នេះ​មា​ន​ការ​ប្រគុំ​ភ្លេង​បុរាណ​និង​ការ​ស្មូត​ផ្ទាល់​២​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​ក្រុម​តន្រ្ដី​សិល្បៈ​ខ្មែរ​អមតៈ​។
ម៉ោង ១០:៣០ ដល់ ១១:០០
ម៉ោង ៣:១៥ ដល់ ៣:៤៥

ការ​បញ្ចាំង​វីដេអូ​ឯកសារ

សារមន្ទីរ​បញ្ចាំង​វីដេអូ​ឯកសារ​ចំនួន​២ដង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក​ម៉ោង ​៩:៣០ ដល់ ១០:៣០ និង​ពេល​រសៀល​ម៉ោង​​ ៣:៤៥ ដល់ ៤:១៥។ ​បន្ទប់​បញ្ចាំង​កុនស្ថិតនៅ​អគារ ឃ ​ជាន់​ទី២។ សូម​ទាក់​ទង​សារមន្ទីរ​ចំពោះ​វីដេអូ​ឯកសារ​ដែល​នឹង​ត្រូវ​បញ្ចាំង។

សក្ខីកម្ម

ទីតាំង បន្ទប់ប្រជុំ អគារ
ម៉ោង ២:៣០ ដល់ ៣:០០