ព័ត៌មានស្តីពីសារមន្ទីរ

លោកហង្សនិស្ស័យ ប្រធាន​ផ្នែកផែនការនិង​គម្រោង និង​ជា​សមាជិក​ក្រុម​ពិព័រណ៍

តើ​អ្នក​មាន​ទំនាក់​ទំនង​ដំបូង​ជាមួយ​សារមន្ទីរ​ទួលស្លែង​ដោយ​របៀប​ណា​?

ខ្ញុំ​មិន​ធ្លាប់​មក​ស្សនា​សារមន្ទីរ​ទេ អំឡុង​ពេល​ដែល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ក្នុង​ទី​ក្រុង​ភ្នំពេញ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០០៨ ខ្ញុំ​ដាក់​ពាក្យ​ប្រលង​ចូល​ជា​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។ លុះ​ដល់​ឆ្នាំ២០០៩ លទ្ធផល​ប្រលង​របស់​ខ្ញុំ​ជាប់​ជា​ស្ថាពរ ហើយ​​​ក៏​បាន​ក្លាយ​ជា​មន្ត្រីនៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និងត្រូវ​ចាត់​តាំង​ឲ្យ​​បម្រើ​ការ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែងនៅឆ្នាំដដែល​។

តើ​កត្តា​អ្វីខ្លះ​ជា​បញ្ហា​ប្រឈម​បំផុត​ក្នុង​អាជីព​ជា​​មគ្គុទេសក៍​?

ការ​បម្រើ​ការ​នៅ​សារមន្ទីរ​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​សោក​សៅ​ជា​រៀង​រាល់​ថ្ងៃ​។ ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​តាន​តឹង​ខ្លាំង​ជា​ពិសេស​ពេល​និយាយ​រំឮក​ដល់​ប្រវត្តិ​របស់​ឪពុក​ម្ដាយ​ខ្ញុំ​។ រឿង​ចម្បង​ដែល​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នោះ គឺ​ខ្ញុំ​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ជាមួយ​រឿង​សោក​សៅ​ទាំង​អស់​នោះ​។ កត្តា​មួយ​ដែល​ជម្រុញ​ឲ្យ​ខ្ញុំ​អាច​ដោះស្រាយ​បាន គឺ​ការ​ក្រើន​រំឮក​ខ្លួន​ឯង​ថា ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​វា​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​របប​នោះ​កើត​ឡើង​សារ​ជា​ថ្មី​។

តើ​អ្នក​ចូល​ចិត្ត​នូវ​អ្វី​ដែល​លោក​កំពុង​ធ្វើ​ដែរ​ឬ​ទេ​?

ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​មាន​តួ​នាទី​បន្ថែ​ម​ជា​មគ្គុទេសក៍​នៅ​សារមន្ទីរ ព្រោះ​ខ្ញុំ​អាច​ចែក​រំលែក​នូវ​ប្រវត្ដិសាស្រ្ដ​សាហាវ​ឃោរ​ឃៅ​ដែល​កើត​មាន​នៅ​កម្ពុជា​ជូន​ដល់​ភ្ញៀវ​ទេសចរ​ទាំង​អស់ ជា​ពិសេស​ក្មេង​ជំនាន់​ក្រោយ ប្រយោជន៍​រួម​គ្នា​ការពារ​កុំ​ឲ្យ​របប​នេះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​។

តើ​អ្វី​ទៅ​ជា​បទ​ពិសោធន៍​ការងារ​ដ៏​ល្អ​មួយ​ក្នុង​សារមន្ទីរ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ​?​

បទ​ពិសោធន៍​ការងារ​ដែល​ខ្ញុំ​ចូល​ចិត្ដ​ជាង​គេ គឺ​ការ​រៀប​ចំ​ពិព័រណ៍​ចល័ត​នៅ​តាម​បណ្ដា​សាលា​នានា​និង​ការ​ព​ន្យល់​ណែ​នាំ​សិស្ស​ឲ្យ​ឈ្វែង​យល់​បន្ថែម​ពី​ប្រវត្តិ​សារមន្ទីរ និងការរួមចំណែកអភិវឌ្ឍន៍សារមន្ទីរ​។

ព័ត៌មានលំអិតសូមចុចលើរូបថត