ព័ត៌មានស្តីពីសារមន្ទីរ

អ្នកស្រីហោច័ន្ទលក្ម្សី មគ្គុទេសក៍ និងជាសមាជិកផ្នែកអប់រំផ្សព្វផ្សាយ

តើ​អ្នកស្រី​មាន​ទំនាក់​ទំនង​ដំបូង​ជាមួយ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ដោយ​របៀប​ណា​?

កាល​នៅ​​ពី​ក្មេង​ផ្ទះ​របស់​ខ្ញុំ​មាន​ទីតាំង​នៅ​ជិត​សារមន្ទីរ ខ្ញុំ​តែង​ឮ​គេ​គ្រប់​គ្នា​ហៅ​ទីតាំង​នេះ​ថា​គុក​ទួលស្លែង​។ ពេល​នោះ​ខ្ញុំ​ធ្លាប់​សួរ​យាយ​របស់​ខ្ញុំ ម៉េច​បាន​គេ​ហៅ​សារមន្ទីរ​នេះ​ថា​គុក​អញ្ចឹង​? គាត់​បាន​ប្រាប់​ខ្ញុំ​ថា​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម គេ​យក​ទី​តាំង​នេះ​សម្រាប់​ឃុំ​ឃាំង និង​សម្លាប់​មនុស្ស​អស់​ជា​ច្រើន សូម្បី​តែ​បង​ប្រុស​របស់​យាយ​ខ្ញុំ​និង​ភរិយា​ក៏​ត្រូវ​ចាប់​យក​មក​ឃុំ​ឃាំង​និង​សម្លាប់​នៅ​ទី​នេះ​ដែរ​។ លុះ​ដល់​ឆ្នាំ២០០៧ ខ្ញុំ​បាន​ដឹង​ថា​សារមន្ទីរ​ត្រូវ​ការ​បុគ្គលិក​បន្ថែម ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការ​នៅ​ទីនេះ​ជា​បុគ្គលិក​បណ្ដែត​។ ពេល​ចូល​ធ្វើ​ការ​ដំបូង ខ្ញុំ​បម្រើ​ការ​ជា​អ្នក​ផ្ដល់​ព័ត៌មាន​និង​សម្អាត​ប៉ុណ្ណោះ ដោយ​ហេតុ​ថា​ខ្ញុំ​មិន​ទាន់​មាន​បរិញ្ញាបត្រ ហើយ​ការ​យល់​ដឹង​ពី​សារមន្ទីរ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​របស់​ខ្ញុំ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

តើ​កត្តា​អ្វី​ខ្លះ​ជា​បញ្ហា​ប្រឈម​បំផុត​ក្នុង​អាជីព​ជា​មគ្គុទេសក៍?

សារមន្ទីរ ជា​អតីត​មន្ទីរ​ឃុំ​ឃាំង​ដែល​មាន​រឿង​រ៉ាវ​សោកនាដកម្ម​ជា​ច្រើន​បាន​កើត​ឡើង​លើ​ប្រជាជន​ស្លូត​ត្រង់ ជា​ពិសេស​គឺ​ទារក​និង​កុមារ​តូចៗ​។ សម្រាប់​ខ្ញុំ ការ​បក​ស្រាយ​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​លើ​កុមារ​និង​ទារក​ទៅ​កាន់​ភ្ញៀវ​ទេសចរ គឺ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តែង​មាន​អារម្មណ៍​សោក​សៅ​ទៅ​តាម​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ដែរ​។ ខ្ញុំ​អាច​ប៉ាន់​ស្មាន​ដឹង​ពី​ការ​ឈឺ​ចាប់ ភ័យ​ខ្លាច​របស់​ឪពុក​ម្ដាយ​ដែល​កូន​របស់​ខ្លួន​ត្រូវ​ខ្មែរ​ក្រហម​ចាប់​យក​មក​ឃុំឃាំង​ជាមួយ  រហូត​ដល់​មាន​កុមារ​ខ្លះ​ទៀត​ត្រូវ​សម្លាប់​នៅ​នឹង​មុខ​ម្ដាយ​។

តើ​អ្នកស្រី​ចូល​ចិត្ត​អ្វី​ដែល​អ្នកស្រី​កំពុង​ធ្វើ​ដែរ​ឬ​ទេ​?

ការងារ​នៅ​សារមន្ទីរ​នេះ មិន​មែន​ជា​ការងារ​ដែល​មាន​បរិយាកាស​រីករាយ​ដូច​នៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ តែ​យ៉ាង​ណា​មិញ​ខ្ញុំ​យល់​ឃើញ​ថា​ការងារ​នេះ​ជា​ការងារ​ដែល​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្រ្ត​ឧក្រិដ្ឋកម្ម​ដល់​ភ្ញៀវ​ទេសចរ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​របស់​សារមន្ទីរ ក៏​ដូចជា​បុគ្គលិក​គ្រប់​រូបក្នុង​ការ​រួម​ចំណែក​ការពារ​មិន​ឲ្យ​មាន​របប​នេះ​កើត​ឡើង​ជា​ថ្មី​។

តើ​អ្វី​ជា​បទ​ពិសោធន៍​ការងារ​ដ៏​ល្អ​មួយ​ក្នុង​សារមន្ទីរ​ដែល​អ្នកស្រី​ពេញ​ចិត្ត​ជាង​គេ​?

ការ​ចូល​រួម​ជាមួយ​ក្រុម​អប់រំ​ផ្សព្វផ្សាយ ក្នុង​ការ​ណែនាំ​ពី​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​​ក្រហម​និង​អតីត​មន្ទីរ​សន្តិសុខ​២១​ដល់​សិស្សានុសិស្ស ជា​ការងារ​មួយ​ដែល​ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។ ខ្ញុំ​ជឿ​ជាក់​ថា​តាមរយៈ​សកម្មភាព​ការងារ​ដែល​ខ្ញុំ​និង​ក្រុម​ការងារ​បាន​ធ្វើ ​នឹង​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ទទួល​ការ​យល់​ដឹង​បន្ថែម​ពី​ប្រវត្តិសាស្រ្ត​សោកនាដកម្ម​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​យុវជន​នឹង​នាំ​យក​នូវ​ការ​យល់​ដឹង​ដែល​គាត់​ទទួល​បាន​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្ដិ ឬ​បង​ប្អូន​ផ្សេងៗ​ទៀត​។

ព័ត៌មានលំអិតសូមចុចលើរូបថត