កម្មវិធីអប់រំសម្រាប់សាធារណជន

ទួលស្លែង ជា​សារមន្ទីរ​ដែល​បន្សល់​ទុក​រឿង​រ៉ាវ​និង​ភស្តុតាង​ពី​អតីត​រហូត​ដល់​បច្ចុប្បន្ន ហេតុ​ដូច្នេះ​ទើប​ទី​តាំង​នេះ​ក្លាយ​ជា​ប្រភព​សំខាន់​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​។ សកម្មភាព​ស្រាវជ្រាវ​ទាំង​នោះ​រួម​មាន៖ ការ​ស្វែង​រក​សមាជិក​គ្រួសារ​ដែល​បាត់​បង់​ជីវិត យុវជន​ដែល​មាន​បំណង​សិក្សា​បន្ថែម​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម ឬ​អ្នក​ស្រាវជ្រាវ​ចង់​សិក្សា​និង​បោះពុម្ព​ផ្សាយ​លម្អិត​ពី​ព្រឹត្តិការណ៍​ឃោរ​ឃៅ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ សារមន្ទីរ​ទួលស្លែង​មាន​គោល​បំណង​ចូល​រួម​លើក​កម្ពស់​ការ​កសាង​សន្តិភាព​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​របប​ឃោរឃៅ​នេះ​កើត​ឡើង​សារ​ជា​ថ្មី។ សាធារណជន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​ធនធាន​ឯកសារ និង​វត្ថុតាង​នានា​ដែល​សារមន្ទីរ​មាន​នា​ពេល​បច្ចុប្បន្ន។

ការ​សិក្សា​អប់រំ

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ប្តេជ្ញា​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​។ សារមន្ទីរ​មាន​គោល​បំណង​ជម្រុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​រួម​គ្នា​បង្ការ​មិន​ឲ្យ​របប​ឧក្រិដ្ឋកម្ម​កើត​ឡើង​ជា​ថ្មីម្តង​ទៀត​ក្នុង​ប្រទេស​កម្ពុជា និង​លើ​សកល​លោក​។ ដើម្បី​សម្រេច​គោល​បំណង​នេះ សារមន្ទីរ​ផ្តួច​ផ្តើម​បង្កើត​ក្រុម​អប់រំ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ២០០៩ ហើយ​បាន​ពង្រីក​សកម្មភាព​និង​កម្មវិធី​នៅ​ឆ្នាំ២០១៤ រួម​មាន​៖ ការ​ផ្សព្វ​ផ្សាយ​ក្នុង​សារមន្ទីរ ការ​ចុះ​ផ្សព្វផ្សាយ​តាម​សាលា​រៀន និង​ការ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​លើក​កម្ពស់​សមត្ថភាព​ក្រុម​ការងារ​។

១. កម្មវីធីក្នុងសារមន្ទីរ

សាធារណជន អាច​ចូល​រួម​ក្នុង​សកម្មភាព​មួយ​ចំនួន​ដែល​រៀប​ចំ​ដោយ​សារមន្ទីរ​អំឡុង​ពេល​ទស្សនា ហើយ​កម្មវិធី​ទាំង​នោះ​រួម​មាន​៖

  • បន្ទប់​ផ្កា​ឈូក ស

ផ្កាឈូក ជា​សញ្ញា​ដែល​តំណាង​ឲ្យ​សន្ដិភាព​ក្នុង​វប្បធម៌​ខ្មែរ​។ សារម​ន្ទីរ​រៀប​ចំ​បន្ទប់​ផ្កា​ឈូក​នេះ​ឡើង​នៅ​ឆ្នាំ២០១៥ សម្រាប់​ជា​កន្លែង​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ចំណាយ​ពេល​វេលា​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ឬ​តាំង​សមាធិ ដើម្បី​សម្រួល​អារម្មណ៍​តាន​តឹង​ក្រោយ​ពី​ទស្សនា​ពិព័រណ៍​។ សារមន្ទីរ​រៀប​ចំ​បន្ទប់​នេះ​ដោយ​បំពាក់​ម៉ាស៊ីន​ត្រជាក់ កន្ទេល​កក់ ខ្នើយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ភាព​ងាយ​ស្រួល​អំឡុង​ពេល​សម្រាក និងរៀបចំឲ្យមាន​​ការ​សម្ដែង​២ដង​ក្នុង​មួយ​ថ្ងៃ គឺការ​លេង​ភ្លេង​ប្រពៃណី​ជាតិ​ខ្មែរ​ជាមួយ​ឧបករណ៍​តន្ត្រី​បុរាណ និងការ​ស្មូត្រ

  • បន្ទប់សកម្មភាព – ការទស្សនាសារមន្ទីរ

សារមន្ទីរ​បង្កើត​បន្ទប់​សកម្មភាព​នេះ​នា​ឆ្នាំ២០១៥ ក្នុ​ងបំណង​ឲ្យ​សិស្សានុសិស្ស​កម្រឹត​អនុវិទ្យាល័យ និង​វិទ្យាល័យ​សិក្សា​ស្វែង​យល់​បន្ថែម​ដើម្បី​បង្កើន​ចំណេះ​ដឹង​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ សិស្សានុសិស្ស អាច​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ពិព័រណ៍​នៅ​ក្នុង​សារមន្ទីរ​តាមរយៈ​ការ​ស្រាវជ្រាវ និង​សកម្មភាព​គួរ​ឲ្យ​ទាក់ទាញ​មួយ​ចំនួន​ទៀត​។ សកម្មភាព​មួយ​ចំនួន​បាន​លើក​ទឹក​ចិត្ដ​សិស្សានុសិស្ស ឲ្យ​ធ្វើ​បទ​សម្ភាសន៍​សមាជិក​គ្រួសារ​អំពី​ស្ថានភាព​រស់នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ដើម្បី​បងើ្កត​ឲ្យ​មាន​ការ​សន្ទនា​និង​ការ​យល់​ដឹង​រវាង​មនុស្ស​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​។ សារមន្ទីរ​ស្នើ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ពី​សាលា​នានា​ដែល​ចាប់​អារម្មណ៍​ប្រើ​ប្រាស់​បន្ទប់​សកម្មភាព ដើម្បី​ឲ្យ​ក្រុម​ការងារ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​សម្រាប់​បំបេញ​តម្រូវ​ការ​សិស្សានុសិស្ស​។

  • ការ​ផ្ដល់​សក្ខីកម្ម​អំពី​សម័យ​ខ្មែរ​ក្រហម

នៅ​ឆ្នាំ២០១៥ សារមន្ទីរ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​បំណង​ផ្តល់​ឱកាស​ដល់​ជន​រងគ្រោះ​មាន​ជីវិត​ពី​មន្ទីរ​ស‑២១ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត​ក្នុង​អតីត​គុក​នេះ​ទៅ​កាន់​សាធារណជន។ ក្រោយ​មក​នៅ​ឆ្នាំ២០១៦ សារមន្ទីរ​ពង្រីក​កម្មវិធី​នេះ ​ដើម្បី​ផ្តល់​ឱកាស​ដល់​ជន​រងគ្រោះ​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែលមាន​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត​កុមារ​ភាព​ក្នុង​សម័យ​នោះ​។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “សក្ខីកម្ម​ស្តី​ពី​ព្រឹត្តិការណ៍​សោក​សៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​តាមរយៈ​កុមារ និង​ជំទង់”

  • សៀវភៅ​ណែនាំ​សកម្មភាព

ក្រុម​គោល​ដៅ​ចម្បង​របស់​ក្រុម​អ​ប់រំ​ផ្សព្វផ្សាយ​គឺ​សិស្ស​អនុវិទ្យាល័យ​។ ក្រុម​អប់រំ​ផ្សព្វផ្សាយ​បាន​រៀប​ចំ​តាក់​តែង​សៀវភៅ​ណែ​នាំ​សកម្មភាព​នេះ​ឡើង ដោយ​​សារ​តែ​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត​ព័ត៌មាន និង​ឯកសារ​សម្រាប់​សិស្សានុសិស្ស​អំឡុង​ពេល​ទស្សនា​សារមន្ទីរ។ សៀវភៅ​នេះ​ផ្ដល់​ព័ត៌មាន​សម​ស្រប​ទៅ​តាម​អាយុ​របស់​សិស្ស​អំពី​ពិព័រណ៍​នៅ​ក្នុង​សារមន្ទីរ ក៏​ដូច​ជា​សកម្មភាព​អប់រំ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ពី​មន្ទីរ​ស-២១ និង​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្កើត​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។ គំនិត​ផ្ដួច​ផ្ដើម​ដំបូង​នៃ​ការ​បង្កើត​សៀវភៅ​នេះ​គឺ​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្ដិការ​រវាង​សារមន្ទីរ​វិចិត្រ​សិល្បៈ ខេត្ដ​អូគឺណាវ៉ា​និង​​សារមន្ទីរ​សន្តិភាព​ខេត្ដ​អូគឺណាវ៉ា និង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។

  • ការ​ធ្វើ​បទ​បង្ហាញ និង​បាឋក​ថា

សារមន្ទីរ​រៀប​ចំ​បទ​បង្ហាញ​ចំនួន​ពីរ​ជូន​អ្នក​ទស្សនា។

បទ​បង្ហាញ​ដល់​សិស្ស សារមន្ទីរ​រៀប​ចំ​ការ​ធ្វើ​បទ​បង្ហាញ​ខ្លី​នេះ​សម្រាប់​សិស្សានុសិស្ស​ដែល​មក​ទស្សនា​ជា​ក្រុម​។ ក្រុម​ការងារ​នឹង​ធ្វើ​បទ​បង្ហាញ​ខ្លី​មួយ​ដែល​មាន​រយៈពេល​២០នាទី​អំពី​សារមន្ទីរ​មុន​នឹង​ការ​ទស្សនា​ពិព័រណ៍។ តាមរយៈ​ការ​ស្នើ​សុំ​ឬ​ណាត់​ទុក​ជា​មុន ក្រុម​ការងារ​អប់រំ​ផ្សព្វផ្សាយ​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ប្រធាន​បទ​ទៅ​តាម​តម្រូវ​ការ​របស់​ក្រុម​ដែល​មក​ទស្សនា​។ ការ​ធ្វើ​បទ​បង្ហាញ​នេះ មាន​ការ​ពេញ​និយម​ចំពោះ​សាលា​រៀន សាកល​វិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋា​ភិបាល និង​គ្រឹះ​ស្ថាន​សិក្សា​ផ្សេងៗ​ទៀត។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​សារមន្ទីរ​។

បាឋកថា​សាធារណៈ កម្មវិធី​នេះ​ចាប់​ដំណើរ​ការ​នៅ​ឆ្នាំ២០១៦ ដោយ​មាន​អ្នក​ស្រាវជ្រាវ​ជាតិ ធ្វើ​បទ​បង្ហាញជា​បន្ត​បន្ទាប់​អំពី​ប្រវត្តិសាស្រ្ត​កម្ពុជា​ចាប់​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូត​បច្ចុប្បន្ន​។ បាឋកថា​នេះ​មាន​រយៈពេល​៦០នាទី ដោយ​៤០នាទី​សម្រាប់​ធ្វើ​បទ​បង្ហាញ និង​២០នាទី​ទៀត​សម្រាប់​សំណួរ​ចម្លើយ។ កម្មវិធី​នេះ បើក​ជូន​សាធារណជន​ចូល​រួម​ដោយ​សេរី និង​មាន​បក​ប្រែ​ភាសាអង់គ្លេសប្រសិន​ករណី​ចាំ​បាច់​។

  • មគ្គុទេសក៍​សារមន្ទីរ

សាធារណជន​ដែល​មាន​គម្រោង​ទស្សនា​ជា​ក្រុម​អាច​ទាក់​ទង​មក​សារមន្ទីរ​ណាត់​ជួប​មគ្គុទេសក៍​​ជា​មុន ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​ចាប់​អារម្មណ៍​និង​ប្រភេទ​អាយុ​របស់​ក្រុម​។

២. កម្មវិធី​ចុះ​អប់រំ​ផ្សព្វផ្សាយ

សារមន្ទីរ​រៀប​ចំ​កម្មវិធី​នេះ ដើម្បី​ចុះ​បង្ហាត់​បង្ហាញ​សិស្ស​តាម​សាលា​នានា​ក្នុង​ក្រុង​ភ្នំពេញ​។ យុទ្ធសាស្ត្រ​របស់​ក្រុម​អប់រំ​ផ្សព្វផ្សាយ គឺ​ផ្តោត​លើ​ការ​សិក្សា​និង​ការ​អនុវត្តន៍​ដោយ​រួម​បញ្ចូល​ទាំង​ការ​ស្រាវជ្រាវ ការ​សម្ភាសន៍ ការ​ធ្វើ​បទ​បង្ហាញ ​និង​ការ​អនុវត្តន៍​ការងារ​តាម​ក្រុម​។ គោល​បំណង​នៃ​ការ​អនុវត្តន៍​គម្រោង​គឺ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម និង​សារ​សំខាន់​ពី​ការ​អភិរក្ស​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ក្នុង​ស្រទាប់​យុវសិស្ស​។ លើស​ពី​នេះ​ទៀត​សារមន្ទីរ​សង្ឃឹម​ថា​អាច​នឹង​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ក្លាយ​ជា​អ្នក​នាំ​សារ​សន្តិភាព ដើម្បី​ការពារ​កុំ​ឲ្យ​អំពើ​ឃោរឃៅ​នេះ​កើត​មាន​សារ​ជា​ថ្មី​។

        សប្តាហ៍ទី១ ក្រុម​អប់រំ​ផ្សព្វផ្សាយ​នឹង​ចុះ​ធ្វើ​បទ​បង្ហាញ​​ព័ត៌មាន​ទូទៅ​អំពី​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា​នៅ​តាម​សាលា​គោល​ដៅ។

        សប្តាហ៍ទី២ ក្រុម​ការងារ​នឹង​ចុះ​ធ្វើ​បទ​បង្ហាញ​លើក​ទី២​ដោយ​ផ្តោត​លើ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម និង​អតីត​មន្ទីរ​ឃុំឃាំង​ស‑២១។ ក្រុម​ការងារ​រៀប​ចំ​បែង​ចែក​សិស្ស​ជា​ក្រុម​តូចៗ​ដើម្បី​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា​។

        សប្តាហ៍ទី៣ សិស្សានុសិស្ស​ទស្សនា​សារមន្ទីរ​ដោយ​មាន​ការ​ណែនាំ​ពី​មគ្គុទេសក៍​។ អំឡុង​ពេល​ទស្សនា​សារមន្ទីរ​ ក្រុម​សិស្ស​នឹង​ស្រាវជ្រាវ​ទៅ​តាម​ប្រធាន​បទ​ដែល​ក្រុម​ការងារ​អប់​រំ​ផ្សព្វផ្សាយ​បាន​ដាក់​ឲ្យ​។

        សប្តាហ៍ទី៤ ក្រុម​សិស្ស នឹង​ធ្វើ​បទ​បង្ហាញ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​ដល់​មិត្ត​រួម​ថ្នាក់​។ តាមរយៈ​ការ​សិក្សា​និង​ធ្វើ​បទ​បង្ហាញ អាច​ឲ្យ​សិស្ស​យល់​ដឹង​ពី​ទិដ្ឋភាព​ទាំង​ស្រុង​តាំង​ពី​មុន​រហូត​ដល់​ក្រោយ​សម័យ​ខ្មែរ​ក្រហម​។

៣. វគ្គ​បណ្តុះ​បណ្តាល

សារម​ន្ទីរ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​លើ​ប្រធាន​បទ និង​ជំនាញ​ផ្សេងៗ​ដល់​ក្រុម​ការងារ​អប់រំ​ផ្សព្វ​ផ្សាយ សិស្សានុសិស្ស ​និង និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការ​អនុវត្តន៍​ការងារ​។ វគ្គ​បណ្តុះ​បណ្តាល​ទាំង​នោះ​រួម​មាន សិក្ខាសាលា​ស្តី​ពី​ការ​កសាង​សមត្ថភាព​មគ្គុទេសក៍​សារមន្ទីរ ការ​សរសេរ​គម្រោង វិធីសាស្រ្ត​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​ប្រមូល​ចងក្រង​ប្រវត្តិសាស្រ្ត​តាមរយៈ​ការ​សម្ភាសន៍។ នៅ​ក្នុង​ឆ្នាំ២០១៦ សារមន្ទីរ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​លើ​ជំនាញ​ទន់ (soft skill) មួយ​ចំនួន​ដូចជា​៖ ភាព​ជា​អ្នក​ដឹក​នាំ ការ​គ្រប់​គ្រង និង​រដ្ឋបាល​។