ការងារថែរក្សាឯកសារ
សារមន្ទីរ មានឯកសារដើមបន្សល់ពីសម័យខ្មែរក្រហមជាច្រើនម៉ឺនច្បាប់ ហើយឯកសារទាំងនោះរាប់បញ្ចូលទាំង ចម្លើយសារភាពដោយបង្ខំ ហ្វីលរូបថត ប្រវត្តិរូបសង្ខេបរបស់អ្នកទោសនិងបុគ្គលិកមន្ទីរឃុំឃាំង កំណត់ហេតុរបស់កម្មាភិបាល និងសៀវភៅកំណត់ហេតុ ព្រមទាំងឯកសារផ្សេងៗទៀត។
មន្ត្រីសារមន្ទីរ បានអនុវត្តការងារថែរក្សានេះដោយមានការចូលរួមពីអ្នកជំនាញបរទេស និង ស្ថាប័នផ្សេងៗមួយចំនួនដូចជា៖ ឆ្នាំ១៩៩២ សហការជាមួយសកលវិទ្យាល័យ Cornell ឆ្នាំ១៩៩៤សហការជាមួយបណ្ណសារជាតិសហរដ្ឋអាមេរិក និងឆ្នាំ១៩៩៥ សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ២០០៩ បន្ទាប់ពីបំពេញវគ្គបណ្តុះបណ្តាលពីប្រទេសជប៉ុន មន្ត្រីផ្នែកបណ្ណសារបាននាំយកប្រអប់គ្មានជាតិអាស៊ីត ដើម្បីទុកដាក់ថែរក្សាក្រដាសឯកសារដ៏មានតម្លៃឲ្យនៅបានយូរអង្វែង។
បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។ បច្ចុប្បន្ន ភ្នាក់ងារកិច្ចសហប្រតិបត្តិកូរ៉េ KOICA តាមរយៈអង្គការយូណេស្កូ បានជួយគាំទ្រគម្រោងថតចម្លង (digitization) រាល់ឯកសារដែលមាននៅក្នុងបណ្ណសារដ្ឋានរបស់សារមន្ទីរ និងការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័របណ្ណសារ។