កិច្ចការអភិរក្ស

វាយណភណ្ឌ

សំលៀក​បំពាក់​ជា​ច្រើន​ដែល​បន្សល់​ពី​អតីត​មន្ទីរ​ឃុំឃាំង សួរចម្លើយ និង​ធ្វើ​ទារុណកម្ម កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពុក​ផុយ​។ សារមន្ទីរ​នា​ពេល​បច្ចុប្បន្ន​រៀប​ចំ​ផែន​ការ​ការងារ​រក្សា​ទុក​ក្នុង​ឃ្លាំង ការ​ជួសជុល​ថែរក្សា និង​ការ​តាំង​បង្ហាញ​សមុច្ច័យ​ទាំងនេះ​។

ការងារ​ជួស​ជុល​វាយណភណ្ឌ ជា​គម្រោង​ថ្មី​របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ក្នុង​ឆ្នាំ២០១៦​។ វាយណភណ្ឌ ជា​សមុច្ច័យ​សារមន្ទីរ​កំពុង​ទទួល​រង​ផល​ប៉ះ​ពាល់ និង​ពុក​ផុយ​ធ្ងន់​ធ្ងរ ហើយ​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​ខូចខាត​នេះ​ដោយសារ អាកាស​ធាតុ​មាន​ការ​
ប្រែ​ប្រួល​មិន​ទៀង​ទាត់ ការ​ប៉ះ​នឹង​ពន្លឺ និង​កត្តា​ជីវសាស្ត្រ​។ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ក្រោយ​ពេល​គម្រោង​ជួស​ជុលវាយណភណ្ឌ​ទទួល​បាន​ការ
​គាំ​ទ្រសារមន្ទីរ​នឹង​រៀប​ចំ​ជួសជុល​ថែ​រក្សា​វត្ថុ​តាង​ដូច​ជា អាវ ខោ សំពត់ កាបូប ស្បែកជើង សំពៀតតូចៗ និង​សម្ភារៈ​ផ្សេងៗ​ទៀត។
គោល​បំណង​ចម្បង​នៃ​កិច្ចការ​អភិរក្ស​វាយណភណ្ឌ គឺ​ទប់​ស្កាត់​ការ​ខូច​ខាត​នា​ពេល​អនាគត។ ការ​សម្អាត​សមាស​ភាគ​ដែល​ខុស​គ្នា​ដូចជា
ក្រណាត់​និង​ស្បែក ឆ្អឹង កញ្ចក់ ឈើ ឬ​ក៏​លោហៈ ជា​កិច្ចការ​លំបាក​បំផុត​សម្រាប់​អ្នក​អភិរក្ស។ ក្រោយ​ការ​សម្អាត វាយណភណ្ឌ​ដែល​រង​ការ​ខូច​ខាត​ភាគ​ច្រើន​ភ្ជាប់​ជាមួយ​ក្រណាត់​ទ្រ​ទ្រង់​ដែល​មាន​ពណ៌​ឬ​រូបរាង​ស្រដៀង​គ្នា ​ដើម្បី​ឲ្យ​ដូច​វត្ថុ​ដើម។ អំឡុង​ពេល​ជួស​ជុល ផ្នែក​ដែល​បាត់​បង់​ត្រូវ​ជំនួស​វិញ​ដោយ​ប្រើ​បច្ចេកទេស​ដូច​វត្ថុ​ដើម​ដូចជា​ការ​លាប​ពណ៌ និង​ការ​ប្រើ​ប្រាស់​​អំបោះ។ កិច្ចការ​ជួស​ជុល​វាយណភណ្ឌ​ឲ្យ​ដូច​ទម្រង់​ដើម​គឺ​ត្រូវ​ការ​ប្រើ​ពេល និង​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ដំណាក់​កាល​នីមួយៗ​មាន​សារសំខាន់​ណាស់។​ វត្ថុតាង​ដែល​ជួស​ជុល​រួច​ស្រដៀង​ទៅនឹង
វត្ថុដើមហើយ​កិច្ចការ​ជួស​ជុល​ធ្វើ​ឲ្យ​វាយណភណ្ឌ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ​និង​រក្សា​ទុក​បាន​យូរ​អង្វែង​។

សារមន្ទីរ មាន​បំណង​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព និង​សម្រាប់​ការ​ស្រាវជ្រាវ​។ ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យ មាន​បញ្ចូល​ទាំង​រូប​ថត​សមុច្ច័យ​ដែល​អាច​ដាក់​ដំណើរ​ការ​លើ​ប្រព័ន្ធ​អ៊ីនធើណេត ដើម្បី​ងាយ​ស្រួល​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​។ សារមន្ទីរ​មាន​បំណង​ដាក់​វត្ថុ​តាង​វាយណភណ្ឌ​ចំនួន ២០០០ ឲ្យ​ដំណើរ​ការ​លើ​ប្រព័ន្ធ​អ៊ីនធើណេត។

ព័ត៌មានលំអិតសូមចុចលើរូបថត