កិច្ចការអភិរក្ស

គំនូសសញ្ញា ឬអក្សរលើជញ្ជាំង

ការងារ​ថែរក្សា​គ្រប់​គ្រង​គំនូស​សញ្ញា ឬ​អក្សរ​នៅ​លើ​ជញ្ជាំង​ក្នុង​សារមន្ទីរ​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ខណៈ​ដែល​កិច្ចការ​អភិរក្ស​ភាគ​ច្រើន​ផ្តោត​លើ​អគារ​និង​វត្ថុតាង។ នា​ពេល​ថ្មីៗ​នេះ​លោក ឆាយ វិសុទ្ធ និង​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​ចាប់​ផ្តើម​​ការ​ស្រាវ​ជ្រាវ​និង​ចង​ក្រង​ទិន្នន័យ​ពី​គំនូស​សញ្ញា ឬ​អក្សរ​លើ​ជញ្ជាំង​នេះ។ គោលបំណង​នៃ​ការ​ចង​ក្រង​នេះ គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ស្ថានភាព​ក្នុង​ពេល​ឃុំឃាំង​របស់​ជន​រងគ្រោះ​។ ចំពោះ​ទិន្នន័យ​ដែល​បាន​រក​ឃើញ​និង​ចង​ក្រង បង្ហាញ​ថា​គំនូស​សញ្ញា​ឬ​អក្សរ​ទាំង​នោះ​គូស​ឬ​សរសេរ​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម និង​ជន​រងគ្រោះ​។ ឈ្មោះ​មួយ​ចំនួន​ដែល​សរសេរ​នៅ​លើ​ជញ្ជាំង មាន​នៅ​ក្នុង​ចម្លើយ​សារភាព​ដែល​រក្សា​ទុក​ក្នុង​បណ្ណសារដ្ឋាន​របស់​សារមន្ទីរ​។

ការងារ​ចង​ក្រង​និង​ស្រាវ​ជ្រាវ​នេះ ចាប់​ផ្តើម​ពី​អគារ “ក” ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សារមន្ទីរ​ជាប់​នឹង​ច្រក​ចូល​។ អគារ​នេះ​ខ្មែរ​ក្រហម​ប្រើ​ដើម្បី​សួរ​ចម្លើយ​។ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​បែង​ចែក​អគារ​នេះ​ទៅ​ជា​ផ្នែក​តូច​ដើម្បី​ងាយ​ស្រួល​ប្រមូល​ទិន្នន័យ​។ ជា​លទ្ធផល​នៅ​ជំហាន​ដំបូង​នៃ​ការ​ស្រាវជ្រាវ ក្រុម​ការងារ​បាន​រក​ឃើញ​និង​ចង​ក្រង​ទិន្នន័យ​បាន​១៣៧គំនូសសញ្ញា ឬ​អក្សរ​។

៤៩       ឃ្លា​សរសេរ​ជា​ភាសា​ខ្មែរ

៣២      សញ្ញា​បង្ហាញ​ពី​ការ​រាប់​ចំនួន​ថ្ងៃ

១៨       ថ្ងៃ​ខែ​ឆ្នាំ​សរសេរ​លេខ​ឡា​តាំង

១៥       ឃ្លា​សរសេរ​ជា​ភាសា​អង់គ្លេស

១២      ឈ្មោះ​សរសេរ​ជា​ភាសា​ខ្មែរ

៧         រូប​សញ្ញា

២         ឈ្មោះ​សរសេរ​ជា​ភាសា​អង់គ្លេស

២         ថ្ងៃ​ខែ​ឆ្នាំ​សរសេរ​លេខ​ខ្មែរ

ការងារ​ស្រាវជ្រាវ​នេះ នឹង​បន្ត​ទៅ​អគារ​ផ្សេងៗ​ទៀត​ក្នុង​សារមន្ទីរ​រាប់​បញ្ចូល​ទាំង​បន្ទប់​តូច​ដែល​ខ្មែរ​ក្រហម​ឃុំ​ឃាំង​អ្នកទោស​។ ក្រុម​ការងារ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន​និង​ល្អ​ប្រសើរ​នៅ​ក្នុង​បន្ទប់​ទាំង​នេះ ជា​ពិសេស​ឈ្មោះ​និង​ស្នាម​គូស​បង្ហាញ​ពី​ការ​គិត​របស់​ជន​រងគ្រោះ​។ ព័ត៌មាន​ទាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​សិក្សា​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​នៅ​ក្នុង​មន្ទីរ​ស‑២១​។

ព័ត៌មានលំអិតសូមចុចលើរូបថត