សិក្ខាសាលាស្តីពី “យុវជន និងការកសាងសន្តិភាព”
បង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងបំផុស និងអប់រំយុវជនកម្ពុជាឱ្យយល់ដឹងពីប្រវត្តិសាស្រ្ត យុត្តិធម៌និងការផ្សះផ្សាផ្លូវចិត្តដល់ជនរងគ្រោះ និង តួនាទីយុវជនក្នុងការកសាងសន្តិភាព។ ជាពិសេសការអប់រំសន្តិភាពពីសាសនាទាំងបីនៅកម្ពុជា (ពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនា) ដែលមានតំណាងមកធ្វើបទបង្ហាញតម្រង់ទិសដល់យុវជនឲ្យយល់ដឹងពីវិធីសាស្រ្តដោះស្រាយជម្លោះដោយសន្តិវិធី និងតួនាទីយុវជនក្នុងភាពជាអ្នកដឹកនាំនាអនាគត។
សិក្ខាសាលានេះ រៀបចំរៀងរាល់ខែសីហា (ព័ត៌មានលម្អិតសូមតាមដានគេហទំព័រសារមន្ទីរ)
ចុះផ្សព្វផ្សាយសារមន្ទីរចល័ត៖ “សាលារៀនខ្ញុំ សារមន្ទីរខ្ញុំ” ជាផ្នែកមួយនៃកម្មវិធីអប់រំផ្សព្វផ្សាយរបស់សារមន្ទីរ និងជាគម្រោងថ្មីមួយដែលផ្តល់ឱកាសដល់ក្រុមការងារចំនួន៥ផ្នែក(អប់រំផ្សព្វផ្សាយ បណ្ណសារ អភិរក្ស ពិព័រណ៌ និងស្រាវជ្រាវ) ដែលកំពុងធ្វើការលើការងារអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម បានអនុវត្តនូវសកម្មភាពរួមគ្នានៅតាមខេត្ត។ គម្រោងនេះអនុវត្តឡើងក្នុងគោលបំណង ដើម្បីបង្ហាញសិស្ស និងសាធារណជន ឱ្យបានស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិ ការងារ និងសារសំខាន់អំពីតួនាទីរបស់សារមន្ទីរ ក្នុងការអភិរក្សសមុច្ច័យ ដែលឆ្លុះបញ្ចាំងពីអំពើឧក្រិដ្ឋកម្ម ពិសេសស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងស-២១ និងតម្លៃនៃសន្តិភាព។
ទស្សនកិច្ចសិក្សា៖ ជារៀងរាល់ឆ្នាំសារមន្ទីរទួលស្លែងបានទទួលលិខិតស្នើសុំសម្របសម្រួលទស្សនកិច្ចសិក្សាពីបណ្តាគ្រឹះស្ថានសិក្សា អង្គការ សមាគមន៍ លើការសម្របសម្រួលផ្តល់បទបង្ហាញនិងនាំសិស្សទស្សនាសារមន្ទីរដើម្បីស្វែងយល់ពីប្រវត្តិសារមន្ទីរ និងឲ្យសិស្សបានស្វែងយល់ពីពិព័រណ៍ដោយផ្ទាល់ក្នុងសារមន្ទីរ។ ចំពោះការស្នើសុំសារមន្ទីរ តម្រូវលិខិតស្នើសុំដោយបញ្ជាក់ពីគោលបំណង កាលបរិច្ឆេទ និងចំនួនសិស្សជាក់លាក់។ (សម្រាប់ទម្រង់ស្នើសុំ សូមទាក់ទងផ្នែកអប់រំផ្សព្វផ្សាយ)
វគ្គបណ្តុះបណ្តាល
វគ្គបណ្តុះបណ្តាល “គ្រូបង្គោលពីវិធីសាស្រ្តបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម”៖ អនុវត្តឡើងក្នុងបំណងបណ្តុះបណ្តាលគ្រូបង្គោលឯកទេសប្រវត្តិវិទ្យាដើម្បីពង្រឹងសមត្ថភាព និងផ្ដល់វិធីសាស្រ្ត ឬសកម្មភាពថ្មីៗ ក្នុងការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យទៅកាន់យុវជនជំនាន់ក្រោយ។
វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ”៖ រៀបចំឡើងក្នុងគោលបំណងផ្តល់មូលដ្ឋានគ្រឹះ និងពង្រឹងសមត្ថភាពបន្ថែមលើវិធីសាស្រ្តស្រាវជ្រាវទាក់ទងនឹងប្រធានបទប្រវត្តិសាស្ត្រខ្មែរក្រហមពីជ្រុងផ្សេងៗឱ្យបានកាន់តែទូលំទូលាយ ដើម្បីចងក្រងជាឯកសារសម្រាប់ការសិក្សាឈ្វេងយល់។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងផ្នែកអប់រំផ្សព្វផ្សាយ sophara@tuolsleng.gov.kh/hengsophara12@gmail.com

