ពិព័រណ៍អចិន្ត្រៃយ៍
ពិព័រណ៍អចិន្ត្រៃយ៍ បង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ជាពិសេសផ្តោតលើឧក្រិដ្ឋកម្មដែលកើតមានក្នុងអតីតមន្ទីរស‑២១ ដែលជាកន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម។ សាធារណជន អាចនឹងឃើញវត្ថុតាងដែលតាំងបង្ហាញមានដូចជា រូបថតជនរងគ្រោះ រូបថតបុគ្គលិកមន្ទីរស‑២១ សំលៀកបំពាក់ជនរងគ្រោះ ឧបករណ៍ធ្វើទារុណកម្ម រនងខ្នោះ និងច្រវ៉ាក់។ សារមន្ទីរ ក៏រៀបចំដាក់តាំងបង្ហាញផ្ទាំងគំនូររបស់លោក វ៉ាន់ ណាត អតីតជនរងគ្រោះនៅមន្ទីរស‑២១ និងជាវិចិត្រករ ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា។ គំនូរទាំងនេះ បង្ហាញពីការធ្វើទារុណកម្ម និងលក្ខខណ្ឌរស់នៅក្នុងមន្ទីរឃុំឃាំង។ គំនូររបស់លោក វ៉ាន់ ណាត មានដាក់តាំងបង្ហាញនៅក្នុងអគារ “ក” “ខ” និង “ឃ”។ ចំពោះអគារ “គ” សារមន្ទីររក្សាសភាពដើមទាំងស្រុងពីសម័យខ្មែរក្រហម។