បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា

បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពិធី​បែប​សាសនា​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​បង្អស់​របស់​សារមន្ទីរ​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​។ បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​រយៈពេល​២សប្តាហ៍​ដែល​ប្រជាជនកម្ពុជា​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​។ បុណ្យ​ភ្ជុំបិណ្ឌ ជា​ព្រឹត្តិការណ៍​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​និង​សារមន្ទីរ​ដែល​តែង​តែ​ប្រារព្ធ​ជា​រៀង​រាល់ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​នីមួយៗ​តែង​តែ​និមន្ត​ព្រះ​សង្ឃ​ថែម​ចំនួន​១អង្គ ដើម្បី​កំណត់​ពី​ចំនួន​ឆ្នាំ​ដែល​កន្លង​ផុត​ក្រោយ​ការ​ដួល​រលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឆ្នាំ១៩៧៩។ ជាទូទៅពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រារព្ធតាមចន្ទគតិ អំឡុងបិណ្ឌ ៨ ឬ៩ រោច ខែភទ្របទ។​

ទិវាជ័យជំនះ ៧ មករា

៧ មករា គឺជាថ្ងៃបញ្ចប់នៃសម័យខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ដែលជារបបដ៏ឃោរឃៅសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់។ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រារព្ធទិវានេះ​ ដើម្បីរំលឹកដល់រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជាដែលបានរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបនេះជាមួយកងទ័ពស្ម័គ្រវៀតណាម។

ពិធី​សូត្រ​មន្ត​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​ទី៨ ខែមេសា

ជា​រៀងរាល់​ឆ្នាំ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​តែង​ប្រារព្ធ​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​ជូន​មន្ត្រី​និង​បុគ្គលិក​ និង​រៀប​ចំ​កិច្ច​ពិធី​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ សារមន្ទីរ​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​របស់​សាធារណជន​ទាំង​អស់​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៨ ខែមេសា។