

ទិវាជាតិនៃការចងចាំ ២០ឧសភា
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងរៀបចំពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងចងចាំពីសោកនាដកម្មលើជនរងគ្រោះដោយសាររបបកម្ពុជាប្រជាធិបតេយ្យ។ សូមរំលឹកដែរថា “ទិវាជាតិនៃការចងចាំ ២០ ឧសភា ” គឺរំឭកដល់ថ្ងៃដែលខ្មែរក្រហមបានដាក់ចេញនូវផែនការសហករណ៍នៅតាមតំបន់រំដោះដែលខ្លួនគ្រប់គ្រង ដោយចាប់ផ្ដើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ និងបានអនុវត្តទូទាំងប្រទេសនៅអំឡុងឆ្នាំ១៩៧៥-១៩៧៩។
នៅឆ្នាំ១៩៨៣ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តកំណត់យកថ្ងៃទី២០ ខែឧសភា ជា “ទិវាចងកំហឹង” ដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសលើអំពើឧក្រិដ្ឋកម្មឃោរឃៅព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងប្ដេជ្ញារួមគ្នាទប់ស្កាត់មិនឱ្យរបបបែបនេះកើតមានជាថ្មីម្ដងទៀត។
នៅក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា “ទិវាជាតិនៃការចងចាំ” សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។







