បទដ្ឋានគតិយុត្ត
កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស
អនុសញ្ញាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍
សេចក្ដីសម្រេចលើមាត្រាទី៣ A ចំណុច២៦០ នៃមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨
អនុសញ្ញានេះ ហាមឃាត់លើសកម្មភាពទាំងឡាយណាដែលមានបំណងចង់បំផ្លាញទាំងស្រុង ឬដោយផ្នែកចំពោះជាតិសាសន៍ ជនជាតិភាគតិច ឬក្រុមសាសនាណាមួយ។ អនុសញ្ញានេះ ចែងថាអំពើប្រល័យពូជសាសន៍ជាបទឧក្រិដ្ឋស្ថិតនៅក្រោមច្បាប់អន្ដរជាតិ ទោះបីជាកើតឡើងក្នុងអំឡុងពេលមានសង្រ្គាម ឬ សន្ដិភាពក្ដី ហើយប្រទេសហត្ថលេខីទាំងអស់ត្រូវធ្វើការ ទប់ស្កាត់ និងដាក់ទោសគ្រប់សកម្មភាពនៃអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅក្នុងដែនយុត្ដាធិការខ្លួន។ ច្បាប់នេះ ហាមឃាត់ចំពោះការសម្លាប់សមាជិករបស់ក្រុមជាតិសាសន៍ ជនជាតិភាគតិច ឬសាសនាណាមួយដោយសារតែបានប្រព្រឹត្តទង្វើដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរលើរាងកាយ និងស្មារតីរបស់សមាជិកដទៃទៀត។ ច្បាប់នេះ ក៏ហាមឃាត់នូវការដាក់ទោសលើសមាជិកក្រុមដែលមើលទៅហាក់ដូចជាចង់បំផ្លាញជីវិតរបស់ពួកគេ វិធានការទប់ស្កាត់ការផ្តល់កំណើតក្នុងក្រុម និងការបំបែកកូនចៅរបស់សមាជិកក្នុងក្រុមទៅឲ្យក្រុមដទៃទៀត។
អនុសញ្ញានេះ បានប្រកាសថាអំពើប្រល័យពូជសាសន៍ ការឃុបឃិតឬញុះញង់ឲ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងការព្យាយាមប្រព្រឹត្តឬក៏ចូលរួមសកម្មភាពទាំងឡាយណាដែលទាក់ទងអំពើប្រល័យពូជសាសន៍ ជាអំពើខុសច្បាប់។ អ្នកប្រព្រឹត្តអំពើទាំងអស់នេះត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនបើទោះជាក្នុងក្របខណ្ឌឯកជន ឬផ្លូវការ។ ប្រទេសហត្ថលេខី ត្រូវអនុម័តច្បាប់ដែលស្ថិតក្រោមច្បាប់ជាតិរបស់ខ្លួនប្រឆាំងនឹងសកម្មភាពដូចមានចែងក្នុងមាត្រាទី៣ ថាជាអំពើខុសច្បាប់ និងដាក់ទោសទណ្ឌឲ្យស្របទៅតាមបទឧក្រិដ្ឋចំពោះអ្នកទាំងឡាយណាដែលរំលោភលើអនុសញ្ញានេះ។
ជនជាប់ចោទអំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ អាចនឹងត្រូវកាត់ទោសដោយតុលាការជាតិក្នុងដែនដីដែលអំពើនេះបានកើតឡើង ឬដោយតុលាការអន្តរជាតិណាមួយដែលមានយុត្តាធិការទទួលស្គាល់ដោយរដ្ឋឬក៏មានការចូលរួមពីរដ្ឋ។ ក្នុងករណីធ្វើបត្យាប័ន ប្រទេសជាសមាជិកត្រូវបញ្ជូនជនសង្ស័យទៅទទួលទោសដោយអនុលោមតាមច្បាប់ជាតិ និងសន្ធិសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ ហើយការធ្វើបត្យាប័ននេះមិនចាត់ទុកថាជាបទល្មើសនយោបាយទេ។ រដ្ឋភាគីណាមួយនៃអនុសញ្ញានេះ អាចអំពាវនាវដល់អង្គការសហប្រជាជាតិដើម្បីការពារកុំឲ្យមានអំពើប្រល័យពូជសាសន៍ ឬដាក់ទោសអ្នកប្រព្រឹត្តបទល្មើស។
ផ្នែកដែលនៅសេសសល់នៃអនុសញ្ញានេះ បញ្ជាក់ពីនីតិវិធីនានាក្នុងការដោះស្រាយជម្លោះនិងការផ្តល់សច្ចាប័នរវាងប្រទេសនិងប្រទេស មិនថាជាទង្វើជាក់លាក់មួយ ឬក៏ទង្វើបង្កើតបានជាអំពើប្រល័យពូជសាសន៍។
ប្រភព: http://www.hrweb.org/legal/undocs.html#CAG, ២៥.០៥.២០១៦
រដ្ឋចំនួន១៤៧ បានផ្ដល់សច្ចាប័ន ឬចូលជាសមាជិកនៃសន្ធិសញ្ញានៅខែវិច្ឆិកា ឆ្នាំ២០១៥។
មាត្រា ២ នៃអនុសញ្ញាបានឲ្យនិយមន័យលើពាក្យប្រល័យពូជសាសន៍ថាជា៖
សកម្មភាពឬទង្វើទាំងឡាយណាដែលមានចេតនាចង់បំផ្លាញ ទាំងស្រុងឬដោយផ្នែក ជាតិសាសន៍ ពណ៌សម្បុរ ជនជាតិភាគតិច ឬក៏ក្រុមសាសនាណាមួយ មានដូចជា៖
ក. ការសម្លាប់សមាជិកក្នុងក្រុម
ខ. ការប៉ះពាល់ធ្ងន់ធ្ងរលើរាងកាយ និងស្មារតីរបស់សមាជិកដទៃទៀត
គ. ការដាក់ទោសដោយគ្រោងទុកជាមុនលើសមាជិកក្រុមដែលមើលទៅហាក់ដូចជាចង់បំផ្លាញរាងកាយរបស់ពួកគេទាំងស្រុងឬដោយផ្នែក
ឃ. ការទប់ស្កាត់ការផ្តល់កំណើតក្នុងក្រុម
ង. ការបំបែកកូនចៅរបស់សមាជិកក្នុងក្រុមដោយបង្ខំទៅឲ្យក្រុមដទៃទៀត