លោកហង្សនិស្ស័យ ប្រធានផ្នែកផែនការនិងគម្រោង និងជាសមាជិកក្រុមពិព័រណ៍
តើអ្នកមានទំនាក់ទំនងដំបូងជាមួយសារមន្ទីរទួលស្លែងដោយរបៀបណា?
ខ្ញុំមិនធ្លាប់មកស្សនាសារមន្ទីរទេ អំឡុងពេលដែលខ្ញុំរៀននៅមហាវិទ្យាល័យក្នុងទីក្រុងភ្នំពេញ ប៉ុន្តែនៅចុងឆ្នាំ២០០៨ ខ្ញុំដាក់ពាក្យប្រលងចូលជាមន្ត្រីរាជការស៊ីវិលនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លុះដល់ឆ្នាំ២០០៩ លទ្ធផលប្រលងរបស់ខ្ញុំជាប់ជាស្ថាពរ ហើយក៏បានក្លាយជាមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងត្រូវចាត់តាំងឲ្យបម្រើការនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនៅឆ្នាំដដែល។
តើកត្តាអ្វីខ្លះជាបញ្ហាប្រឈមបំផុតក្នុងអាជីពជាមគ្គុទេសក៍?
ការបម្រើការនៅសារមន្ទីរនេះ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះខ្ញុំត្រូវប្រឈមមុខនឹងទិដ្ឋភាពសោកសៅជារៀងរាល់ថ្ងៃ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍តានតឹងខ្លាំងជាពិសេសពេលនិយាយរំឮកដល់ប្រវត្តិរបស់ឪពុកម្ដាយខ្ញុំ។ រឿងចម្បងដែលខ្ញុំត្រូវប្រឈមមុខនោះ គឺខ្ញុំត្រូវរកវិធីដោះស្រាយជាមួយរឿងសោកសៅទាំងអស់នោះ។ កត្តាមួយដែលជម្រុញឲ្យខ្ញុំអាចដោះស្រាយបាន គឺការក្រើនរំឮកខ្លួនឯងថា ការងារដែលខ្ញុំកំពុងធ្វើនេះវាមានសារសំខាន់ណាស់ក្នុងការជួយទប់ស្កាត់កុំឲ្យរបបនោះកើតឡើងសារជាថ្មី។
តើអ្នកចូលចិត្តនូវអ្វីដែលលោកកំពុងធ្វើដែរឬទេ?
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំមានតួនាទីបន្ថែមជាមគ្គុទេសក៍នៅសារមន្ទីរ ព្រោះខ្ញុំអាចចែករំលែកនូវប្រវត្ដិសាស្រ្ដសាហាវឃោរឃៅដែលកើតមាននៅកម្ពុជាជូនដល់ភ្ញៀវទេសចរទាំងអស់ ជាពិសេសក្មេងជំនាន់ក្រោយ ប្រយោជន៍រួមគ្នាការពារកុំឲ្យរបបនេះកើតឡើងជាថ្មីម្ដងទៀត។
តើអ្វីទៅជាបទពិសោធន៍ការងារដ៏ល្អមួយក្នុងសារមន្ទីរដែលអ្នកពេញចិត្តជាងគេ?
បទពិសោធន៍ការងារដែលខ្ញុំចូលចិត្ដជាងគេ គឺការរៀបចំពិព័រណ៍ចល័តនៅតាមបណ្ដាសាលានានានិងការពន្យល់ណែនាំសិស្សឲ្យឈ្វែងយល់បន្ថែមពីប្រវត្តិសារមន្ទីរ និងការរួមចំណែកអភិវឌ្ឍន៍សារមន្ទីរ។