លោកនីសំណាង ប្រធានក្រុមមគ្គុទេសក៍ និងជាសមាជិកក្រុមពិព័រណ៍
តើអ្នកមានទំនាក់ទំនងដំបូងជាមួយសារមន្ទីរទួលស្លែងដោយរបៀបណា?
ទំនាក់ទំនងខ្ញុំគឺផ្តើមចេញពីការសិក្សាជំនាញទេសចរណ៍និងមូលដ្ឋាននៃការចូលចិត្តសិក្សារៀនសូត្រប្រវត្តិសាស្ត្រ។ កត្តាទាំងនេះ ជម្រុញឲ្យខ្ញុំខិតខំស្វែងយល់បន្ថែមពីព្រឹត្តិការណ៍សោកនាដកម្មដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសគឺការប្រើប្រាស់អតីតវិទ្យាល័យទៅជាកន្លែងឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សជាច្រើនយ៉ាងឃោរឃៅ ហើយដែលបច្ចុប្បន្នកន្លែងនេះកំពុងស្រូបទាញទេសចរជាច្រើនជុំវិញពិភពលោកមកទស្សនា។
តើកត្តាអ្វីខ្លះជាបញ្ហាប្រឈមបំផុតក្នុងអាជីពជាអ្នកមគ្គុទេសក៍?
បញ្ហាប្រឈមរបស់ខ្ញុំ គឺអារម្មណ៍ក្តុកក្តួលខ្លាំងនៅពេលដែលខ្ញុំរៀបរាប់អំពីឧក្រិដ្ឋកម្មដែលកើតឡើងក្នុងសម័យខ្មែរក្រហមដល់ភ្ញៀវ ជាពិសេសគឺព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងបរិវេណសារមន្ទីរនេះផ្ទាល់តែម្តង ព្រោះទីតាំងនេះជាកន្លែងសោកសៅសម្រាប់ភ្ញៀវនិងបុគ្គលិក។ ភ្ញៀវភាគច្រើនបង្ហាញអារម្មណ៍សោកសៅ និងរន្ធត់នៅពេលស្ដាប់ការពន្យល់របស់ខ្ញុំ។ បើទោះជាខ្ញុំជួបប្រទះនូវបញ្ហាប្រឈមនេះក្តី ខ្ញុំនៅប្រកាន់គោលជំហរក្នុងការបន្តផ្សព្វផ្សាយប្រវត្តិសាស្ត្រជូរចត់នេះដល់ភ្ញៀវ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់សាធារណជន។
តើអ្នកចូលចិត្តនូវអ្វីដែលកំពុងធ្វើដែរឬទេ?
ការក្លាយខ្លួនជាមគ្គុទេសក៍ម្នាក់នៅទីនេះ គឺជាការងារមួយដ៏ល្អសម្រាប់ខ្ញុំ ព្រោះរៀងរាល់ថ្ងៃខ្ញុំអាចជួបជាមួយមនុស្សថ្មីជាច្រើនមកពីបណ្តាប្រទេសផ្សេងៗ។ វាជាឱកាសដែលខ្ញុំអាចចែករំលែកប្រវត្ដិសាស្ត្រខ្មែរក្រហមជាមួយពិភពលោក និងយុវជនខ្មែរជំនាន់ក្រោយ។ ខ្ញុំចូលចិត្តនូវសកម្មភាពដែលខ្ញុំកំពុងធ្វើ ព្រោះវាជាការផ្សព្វផ្សាយមួយដែលអាចជួយជម្រុញឲ្យមាននិន្នាការនៃការចូលរួមទប់ស្កាត់របបនេះកុំឲ្យកើតឡើងសារជាថ្មី។
តើអ្វីទៅជាបទពិសោធន៍ការងារដ៏ល្អមួយក្នុងសារមន្ទីរដែលអ្នកពេញចិត្តជាងគេ?
ការជួបជជែកជាមួយភ្ញៀវមកពីបណ្តាប្រទេសនានា ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចផ្លាស់ប្តូរទស្សនៈយោបល់ជាមួយពួកគេ ដែលអាចជួយឲ្យខ្ញុំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតតាមរយៈការអានសៀវភៅឬអត្ថបទស្រាវជ្រាវផ្សេងៗ។ លើសពីនោះ ខ្ញុំពេញចិត្តនិងការជម្រុញលើកទឹកចិត្តពីសំណាក់ភ្ញៀវ ដែលស្នើឲ្យខ្ញុំបន្តការងារផ្សព្វផ្សាយនេះ ព្រោះទីតាំងនេះជាកន្លែងនៃការចងចាំដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិសិក្សាស្វែងយល់។