ឯកជន: ព័ត៌មានស្តីពីសារមន្ទីរ

អ្នកស្រីអ៊ឹងសុជីវី អនុ​ប្រធាន​ក្រុម​មគ្គុទេសក៍

តើ​អ្នកស្រី​មាន​ទំនាក់​ទំនង​ដំបូង​ជាមួយ​សារមន្ទីរ​ទួលស្លែង​ដោយ​របៀប​ណា​?

នា​អំឡុង​ឆ្នាំ១៩៨៧ ខ្ញុំ​ធ្វើ​ការ​នៅ​នាយកដ្ឋាន​អភិរក្ស​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​មាន​ទីតាំង​នៅ​ឆ្ងាយ​ផ្ទះ​បន្តិច​។ លុះ​ដល់​ចុង​ឆ្នាំ១៩៨៧ ខ្ញុំ​សម្រេច​ចិត្ដ​មក​ធ្វើ​ការ​នៅ​សារមន្ទីរ​ទួលស្លែង​ព្រោះ​វា​នៅ​ជិត​ផ្ទះ​។ ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​មក​ធ្វើ​ការ​នៅ​សារមន្ទីរ​គឺ​ងាយ​ស្រួល ព្រោះ​មនុស្ស​ភាគ​ច្រើន​បដិសេធ​មិន​ចង់​មក​ធ្វើ​ការ​នៅ​ទី​នេះ​ឡើយ ហេតុ​ដូច្នេះ​សារមន្ទីរ​មាន​បុគ្គលិក​ប្រហែល​២០នាក់​ប៉ុណ្ណោះ​នា​ពេល​នោះ​។

តើកត្តាអ្វីខ្លះជាបញ្ហាប្រឈមបំផុតក្នុងអាជីពជាមគ្គុទេសក៍?

បញ្ហា​ប្រឈម​នោះ គឺ​ខ្ញុំ​រមែង​អួល​ដើម​ក​នៅ​ពេល​ដែល​និយាយ​រំឭកដល់​ស្ថានភាព​​រស់​នៅ​របស់​ប្រជាជន​ក្នុង​សម័យ​ខ្មែរ​ក្រហម ព្រោះ​ខ្ញុំ​ក៏​ជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​ជំនាន់​នោះ​ដែរ​ ហើយក៏បាន​បាត់​បង់​ឪពុក​និង​បង​ប្អូនចំនួន​៣នាក់។ ក្នុង​នាម​ជា​មគ្គុទេសក៍​ម្នាក់ ខ្ញុំ​តែង​តែ​ចែក​រំលែកនូវ​រឿង​រ៉ាវ​ទុក្ខវេទនារបស់ប្រជាជន​ក្នុង​សម័យ​នោះ​​ទោះបីជាមានការលំបាកក្នុងការរំឭកប្រវត្តិជូរចត់នេះ ព្រោះខ្ញុំយល់ថាជារឿងសំខាន់ដែលភ្ញៀវទេសចរត្រូវស្វែងយល់។

តើ​អ្នកស្រី​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នកស្រី​កំពុង​ធ្វើ​ដែរ​ឬ​ទេ​?

ខ្ញុំ​ចូល​ចិត្ត​ការងារនេះ ព្រោះ​វា​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​អាច​ចែក​រំលែក​បទពិសោធន៍​ជូរ​ចត់​ដែល​បាន​ឆ្លង​កាត់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ទៅ​ដល់​ភ្ញៀវ​។ រឿង​រ៉ាវ​ដែល​ខ្ញុំ​​រៀប​រាប់​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ភ្ញៀវ​រហូត​ដល់​ភ្ញៀវ​ខ្លះ​សម្រក់​ទឹក​ភ្នែក​អាណិត​ខ្ញុំ​។ សញ្ញា​ប្រតិកម្ម​នេះ បង្ហាញ​ថា​ភ្ញៀវទេសចរបាន​យល់​ដឹង​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ​និង​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លង​កាត់​របប​អាវ​ខ្មៅ​នេះ ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ត្បិត​​បាន​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ក្រហម​ដល់​ប្រទេស​ដទៃ ជា​ពិសេស​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ប្រយោជន៍​ជម្រុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចង​ចាំ​ទុក្ខ​សោក​ទាំង​នោះ ហើយ​បន្ត​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ផ្សេង​ទៀត​។

តើ​អ្វី​ទៅ​ជា​បទ​ពិសោធន៍​ការងារ​ដ៏​ល្អ​មួយ​ក្នុង​សារមន្ទីរ​ដែល​អ្នកស្រី​ពេញ​ចិត្ត​ជាង​គេ​?​

បទ​ពិសោធន៍​ដ៏​ល្អ​នោះ គឺ​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​ភ្ញៀវ ឲ្យ​ខ្ញុំ​បន្ត​និយាយ​រឿង​រ៉ាវ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ខ្ញុំ​រមែង​ទទួល​បាន​នូវ​អារម្មណ៍​កក់​ក្តៅ​និង​កម្លាំង​ចិត្ត​ចង់​បន្ត​ការ​ផ្សព្វផ្សាយ នៅ​ពេល​ឃើញ​ភ្ញៀវ​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ និង​ប្រជាពលរដ្ឋ​កម្ពុជា​នា​សម័យ​នោះ​។

ព័ត៌មានលំអិតសូមចុចលើរូបថត