ក្លាយជាអ្នកស្ម័គ្រចិត្ដ
អ្នកស្ម័គ្រចិត្ដ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្បិតពួកគេអាចជួយភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរ ជាមួយសារមន្ទីរ និងខ្លឹមសារដែលដាក់តាំងបង្ហាញ។ កិច្ចការជាច្រើនដែលអ្នកស្ម័គ្រចិត្ដអាចចូលរួមជួយសារមន្ទីរមានជាអាទិ៍ ការជួយសម្របសម្រួលជាមួយភ្ញៀវនៅតាមបន្ទប់ពិព័រណ៍ ការជួយរៀបចំកិច្ចការគម្រោងនានារបស់សារមន្ទីរ ឬកិច្ចការរដ្ឋបាល។ សារមន្ទីរផ្ដល់លទ្ធភាពដល់អ្នកស្ម័គ្រចិត្តក្នុងការចូលរួម ទៅតាមចំណង់ចំណូលចិត្ដ និងជំនាញដែលខ្លួនមាន។
អានបន្ថែម
ការស្ម័គ្រចិត្ដធ្វើការនៅសារមន្ទីរ គឺជាឱកាសសំខាន់មួយ ត្បិតទីតាំងនេះនឹងផ្តល់ជូននូវបទពិសោធន៍និងជំនាញបន្ថែម ការប្រាស្រ័យទាក់ទងបង្កើនទំនាក់ទំនង ថ្មីៗ និងការយល់ដឹងបន្ថែមអំពីវប្បធម៌ប្រវត្ដិសាស្រ្ដនៃប្រទេសកម្ពុជា។
អត្ថប្រយោជន៍ដែលសារមន្ទីរនិងអ្នកស្ម័គ្រចិត្ដទទួលបានរួមគ្នា គឺការបង្កើនទំនាក់ទំនងល្អ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្ដក្នុងការអនុវត្តការងារ។ ការងារស្ម័គ្រចិត្ដជាផ្នែកសំខាន់មួយ ព្រោះវាជាយុទ្ធសាស្ត្រដែលផ្តល់លទ្ធភាពឲ្យសិស្ស អ្នកស្រាវជ្រាវ និងសាធារណជនអាចប្រើប្រាស់សមុច្ច័យនិងសេវកម្មរបស់សារមន្ទីរ។ ការងារនេះ នឹងផ្តល់ឲ្យអ្នកស្ម័គ្រចិត្តនូវចំណេះដឹងទូទៅ ការអភិវឌ្ឍន៍ខ្លួនឯង និងប្រយោជន៍នៃការទំនាក់ទំនងក្នុងសង្គម។ បទពិសោធន៍ទាំងនោះ នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួនឯងសម្រាប់អាជីពការងារនាថ្ងៃអនាគត។
ឱកាសនៃការស្ម័គ្រចិត្ដ
សារមន្ទីរមានគោលបំណង ក្នុងការផ្ដល់ឱកាសការងារច្រើនប្រភេទដល់អ្នកស្ម័គ្រចិត្តស្របទៅតាមកម្រិតជំនាញ បទពិសោធន៍ និងចំណង់ចំណូលចិត្ដ។ អ្នកស្ម័គ្រចិត្ដអាចចូលរួមជាមួយសកម្មភាពជាច្រើនដូចជា៖
- ការងារព័ត៌មានវិទ្យា រួមមានការបម្លែងឯកសារឌីជីថល ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងគេហទំព័រ
- ការងារថែរក្សា និងអភិរក្សនៅក្នុងរោងជាងជួសជុល រួមមានការទុកដាក់និងថែរក្សាវត្ថុកម្រដែលមាននៅក្នុងសមុច្ច័យ
- គម្រោងផ្សព្វផ្សាយដល់ក្រុមគោលដៅនានានៅតាមសហគមន៍ ជាអាទិ៍ការងារតាមដានលើប្រព័ន្ធទំនាក់ទំនងសង្គម ការចូលរួមពិព័រណ៍ចល័ត កម្មវិធីចុះបង្រៀនផ្ទាល់តាមសាលាឬវិទ្យាល័យ និង ការថតរូបក្នុងកម្មវិធីនិងសកម្មភាពនានារបស់សារមន្ទីរ
- ការបង្កើតសកម្មភាពនិងស្នាដៃថ្មីៗសម្រាប់ការសិក្សាអប់រំដល់ទេសចរវ័យក្មេង រួមមានស្នាដៃសិល្បៈ និងសិប្បកម្ម
- ជួយដល់ផ្នែកទីផ្សារ ការវាយតម្លៃលើគម្រោង និងការវិភាគលើទិន្នន័យនៃការផ្តល់មតិយោបល់របស់ភ្ញៀវទេសចរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស
- ការស្រាវជ្រាវបន្ថែមលើប្រធានបទដែលពាក់ព័ន្ធទៅនឹងសមុច្ច័យសារមន្ទីរ ពិព័រណ៍ និងបណ្ណាសារ ប្រយោជន៍ដើម្បីបង្កើតជាសកម្មភាពភាពនានាសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សវិទ្យាល័យ
សារមន្ទីរ សូមស្វាគមន៍ដល់អ្នកស្ម័គ្រចិត្ដជាតិ និងអន្ដរជាតិ ដែលមានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយសារមន្ទីរយ៉ាងហោចណាស់រយៈពេល៣ខែ។
របៀបនៃការដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរ ប្រវត្តិរូបសង្ខេប ភា្ជប់ជាមួយលិខិតចំណាប់អារម្មណ៍មួយទំព័រ លោក ហង្ស និស្ស័យ ប្រធានក្រុមផែនការនិងគម្រោងតាមរយៈសារអេឡិចត្រូនិច info@tuolsleng.gov.kh
ព័ត៌មានបន្ថែម សូមទាក់ទងមកសារមន្ទីរ។
ការចូលរួមផ្តល់ជំនួយ
បច្ចុប្បន្នសារមន្ទីរទួលស្លែងត្រូវការជំនួយពីប្រភពផ្សេងៗ ដើម្បីអនុវត្តការងារប្រកបដោយនិរន្តរភាព។ សាធារណជន អាចបរិច្ចាគតាមវិធីផ្សេងៗ ដើម្បីចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សសមុច្ច័យរបស់សារមន្ទីរសម្រាប់មនុស្សជំនាន់ក្រោយ។ សារមន្ទីរសូមថ្លែងអំណរគុណចំពោះការបរិច្ចាគជាសាច់ប្រាក់ ព្រមទាំងជំនួយផ្សេងទៀតដូចជាការផ្តល់សៀវភៅដើម្បីដាក់ក្នុងបណ្ណាល័យ ឬសម្ភារៈសិក្សាសម្រាប់បន្ទប់សកម្មភាព។
សារមន្ទីរសង្ឃឹមថាលោកអ្នកនឹងចូលរួមឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើទៅបាននាពេលឆាប់ៗខាងមុខនេះ!
ដៃគូសហការរបស់សារមន្ទីរ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សូមអរគុណដល់ដៃគូសហការទាំងអស់ដែលបានជួយគាំទ្រដល់ការអនុវត្តការងារនាពេលកន្លងមក។ សារមន្ទីរសូមកោតសរសើរចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ដៃគូសហការទាំងអស់ដែលមានរៀបរាប់ដូចខាងក្រោម៖
- អង្គការយូណេស្កូ http://whc.unesco.org/en/statesparties/kh
- សារមន្ទីរខេត្តអូគីណាវ៉ា ប្រទេសជប៉ុន http://www.museums.pref.okinawa.jp/english/museum/
- ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍នៃសហព័ន្ធអាល្លឺម៉ង់ តាមរយៈកម្មវិធីសេវាសន្តិភាពសាធារណរបស់អង្គការ GIZ BMZ GIZ GIZ Cambodia
- សមាគមន៍សិល្បៈខ្មែរអមតៈ http://www.cambodianlivingarts.org
- អង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) http://www.eccc.gov.kh
- ក្រុមហ៊ុន Narrow Casters http://www.narrowcasters.com